(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ច្បាប់នៅក្នុងប្រទេសកម្ពុជា គឺអនុញ្ញាតឲ្យរថយន្ដដឹកជញ្ជូន មានប្រវែងវែងបំផុតត្រឹម១៦ម៉ែត្រប៉ុណ្ណោះ ធ្វើចរាចរណ៍លើដងផ្លូវ ដោយ មិនអនុញ្ញាតឲ្យមានរថយន្ដប្រវែងវែងលើសពីនេះនោះឡើយ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីការអនុវត្តន៍ច្បាប់ របស់មន្រ្ដីជំនាញចំពោះបញ្ហារថយន្ដដឹកកុងតឺន័រផងដែរថា មិនមានមន្រ្ដីណាល្ងង់ដល់ថ្នាក់ កាត់ទូរកុងតឺន័រនោះឡើយ គឺកាត់តែរថយន្ដសណ្ដោងទូរកុងតឺន័រ ដែលមានប្រវែងលើសពី១៦ម៉ែត្រ និងតខុសលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។
ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញ សំណេះសំណាលជាមួយកម្មករ-កម្មការនី រោងចក្រកាត់ដេរ ចំនួន១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ឥឡូវឲ្យកាត់អាទ្រុងឡាននោះ មានការតវ៉ាថាខុស...ប៉ុន្ដែច្បាប់របស់យើងឲ្យតែ១៦ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្ដែសូមបញ្ជាក់ថា វាគ្មាននរណាគេ ឲ្យទៅកាត់កុងតឺនឺរទេ គេឲ្យកាត់ឡានតើ ប្រសិនបើឆ្គួត ឆ្គួតម្នាកឯងទៅ នរណាទៅកាត់កុងតឺន័រ»។
ការបញ្ជាក់ជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវគេបានគេដឹងថា ធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ក៏ដូចជាសមាគមរោងចក្រកាត់ដេរកម្ពុជា បង្ហាញពីក្ដីបារម្ភរបស់ខ្លួន ជុំវិញការអនុវត្តន៍ច្បាប់រឹតបន្ដឹង ចំពោះរថយន្ដដឹកជញ្ជូន ខុសលក្ខណៈបច្ចេកទេស នៅកម្ពុជា។
របាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា បន្ទាប់ពីប្រមុខរាជារដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដាក់ចេញនូវវិធានការណ៍ក្ដៅ ចំពោះរថយន្ដដឹកជញ្ជូនដែលខុសលក្ខណៈបច្ចេកទេស មិនឲ្យធ្វើចរាចណ៍លើដងផ្លូវកម្ពុជាទៀតនោះ រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រួតពិនិត្យរថយន្តសរុប៣,៤៩០២គ្រឿង ក្នុងនោះកាត់ទ្រុងចំនួន ៤៧៦គ្រឿង ដោះរានតខាងក្រោយចំនួន៣៥៧គ្រឿង រក្សាទុកនៅតាមគោលដៅ ត្រៀមកាត់នៅពេលឆាប់ៗចំនួន ៤៤៨គ្រឿង គ្មានបណ្ណបើកបរ៨៣នាក់ រថយន្តគ្មានស្លាកលេខ ៣៤គ្រឿង ណែនាំដឹកសំពីងសំពោង៧៦២គ្រឿង ខ្វះឯកសារ២២៤គ្រឿង និងរថយន្តត្រួតពិនិត្យឃើញត្រឹមត្រូវ៣២,៥១៨គ្រឿង៕