(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងធ្វើទស្សនកិច្ចសិក្សា ដកពិសោធន៍លើការងារកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យរបស់វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ដែលបច្ចុប្បន្នកំពុងឈរជើងការពារបូរណៈភាពទឹកដីនៃកម្ពុជា នៅទិសយោធភូមិភាគទី៥ ក្នុងភូមិឃុំប៊ួរ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយឡែក មួយផ្នែកបានទទួលបទបញ្ជាប្រចាំការឈរជើងក្នុងភូមិសាស្ត្របន្ទាត់ព្រំដែន ភូមិសាស្ត្រស្រុកសំពៅលូន នៃខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យមើលពីរជីវភាពរស់នៅកងទ័ព ក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចលេច៥៣ផង ហើយក៏សាកសួរសុខទុក្ខផងដែរ ដល់កងកម្លាំងមួយចំនួន ដែលឈរជើងការពារបូរណៈភាពទឹកដីកម្ពុជានៅតំបន់នោះ។
ក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការង និងជានាយសេនាធិការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរងកងទ័ពជើងគោកជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានជំរុញ និងផ្តល់ការលើកទឹកចិត្តដល់នាយពលទាហាន ក្នុងអង្គភាពឲ្យបង្កើនការគ្រប់គ្រងកម្លាំង សំភារៈសិក និងគ្រឿងបំពាក់ដែលមានស្រាប់ឲ្យបានល្អ ក្តាប់ឲ្យជាប់រាល់សភាពការណ៍ដែលកើតមានឡើងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ នូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ពិសេសគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណៈភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ៕