(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា បានថ្លែងថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលគ្រោងធ្វើនៅខែក្រោយ នឹងមិនអាចលេចចេញជារូបរាងនោះឡើយ ប្រសិនបើមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ការថ្លែងព្រមានរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើឡើងនាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៥,១៩៧នាក់មកពីរោងចក្រចំនួន១៥ នៅតំបន់ទឹកថ្លា។
ពីលើវេទិកាដែលមានការចូលរួមយ៉ាងច្រើនកុះករពីកម្មករ កម្មការិនីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ក្រុមអ្នកប្រឆាំង នៅប្រទេសអូស្ត្រាលីដែលថា នឹងមានការកៀបសង្កត់ និងស្តីបន្ទោសមកលើកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ជាមួយប្រទេសអូស្ត្រាលី ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧-១៨ ខែមីនា ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រតិកម្មចំពោះមាជិកព្រឹទ្ធសភាអូស្រ្តាលី លោក Richard Di Natale មេដឹកនាំគណបក្សប្រឆាំង «The Greens Party» ដែលបានស្នើឲ្យរដ្ឋាភិបាលខ្លួនដកសំណើអញ្ជើញសម្តេចតេជោទៅចូលរួមកិច្ចប្រជុំខាងលើនេះ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា អាស៊ានមានគោលការណ៍កុងសង់ស៊ីស ពោលរាល់សេចក្តីសម្រេចនានារបស់អាស៊ាន គឺត្រូវតែមានមតិរួមដោយមិនអាចខ្វះសំឡេង សមាជិកណាមួយបានឡើយ ហើយបើសមាជិកណាមួយប្រកាសបដិសេធ ឬ ហៅថាវ៉េតូនោះរាល់ការអនុម័ត និងសេចក្តីថ្លែងការណ៍នានាមិនអាចសម្រេចបានផងដែរ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «បើគ្មានកុងសង់ស៊ីស គឺអត់បានទេ សុំផ្តាំទៅ ហើយសេចក្តីថ្លែងការណ៍កិច្ចប្រជុំរវាងអាស៊ាន-អូស្ត្រាលី ក៏មិនអាចចេញរួចដែរ បើសិនមានការបង្គាប់បញ្ជា ឬការធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលកិច្ចកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមផ្តាំទុកឲ្យហើយ។ បើកម្ពុជាមិនយល់ស្របហើយ សេចក្តីថ្លែងការណ៍ចេញមិនរួចទេ»។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា អូស្ត្រាលី មានតែអរគុណកម្ពុជាទៅវិញទេ ដែលបានទៅចូលរួមនៅក្នុងកិច្ចប្រជុំមួយនេះ។
សូមបញ្ជាក់ថា នៅអំឡុងពាក់កណ្តាលខែមីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលីនេះ សម្តេចគ្រោងនឹងជួបជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីផងដែរ៕