(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសន្យាថា ខ្លួនសុខចិត្តអុចធូបបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង១ថ្ងៃ១ដងពេញ១ឆ្នាំ ដើម្បីបន់ស្រន់ឱ្យកូនឧកញ៉ា ឌួង ឆាយ ជាសះពីជំងឺ បើឧកញ៉ាវ័យក្មេងនេះ ព្រមដកពាក្យបណ្តឹងដែលបានប្តឹងលើយុវតីម្នាក់ដែលជាអ្នកបម្រើរបស់ខ្លួន។
នៅលើបណ្តាញសង្គម Facebook លោកពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ ពេជ្រ ស្រស់ សូមផ្ញើរជូនលោកឧកញ៉ា ឌួង ឆាយ បើសិនជាលោកឧកញ្ញាដកពាក្យបណ្តឹងពីតុលាការ ដែលប្តឹងនារីមើលថែកូនរបស់លោកឧកញ្ញា ហើយធានារនារីនោះឲ្យមានសេរីភាពឡើងវិញ ខ្ញុំនឹងអុជធូបបួង សួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកមួយថ្ងៃ១ដងគ្រប់មួយឆ្នាំ ដើម្បីបួងសួងឲ្យកូនលោកឧកញ្ញាជាពីជំងឺ និងមានសុខភាពល្អបរិបូរណ៍»។
លោកបានបន្តថា «ដោយហេតុ ខ្ញុំមិនចង់ឃើញនារីម្នាក់នោះ អស់អនាគតដោយសារកំហុសតិចតួចមួយពេលទេ គ្រួសាររបស់នារីម្នាក់នោះក្រីក្រខ្លាំងហើយបានជានាងសម្រេចចិត្តទៅធ្វើ ជាអ្នកបម្រើឲ្យលោកឧកញ្ញានោះ។ ខ្ញុំសូមបញ្ជាក់ឡើងវិញ នារីត្រូវចោទគ្មានអ្វី ជាប់សាច់ឈាមនឹងខ្ញុំនោះទេ ប៉ុន្តែខ្ញុំមើល ឃើញថាកំហុសរបស់នាង អាចទុកពេលឲ្យ នាងកែខ្លួនបាន ដូច្នេះហើយទើបខ្ញុំឈឺឆ្អាល នឹងរឿងនេះទៅ»។
លោក ឌួង ឆាយ ដែលអតីតធ្លាប់ជាប់ពន្ធនាគារដោយសារតែការប្រើអំពើហិង្សានោះ នាថ្មីៗនេះបានដាក់ពាក្យប្តឹងយុវតីម្នាក់ ដែលជាអ្នកមើលថែកូនរបស់ខ្លួន ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រកាន់យុវតីរូបនោះថា បានប្រើប្រាស់អំពើហិង្សាលើកូនរបស់លោកយ៉ាងធ្ងន់ធ្ងរ។
យុវតីរូបនោះមានឈ្មោះ អ៊ុ សុផាន់ណា អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានក្តិចប្រដាប់ភេទកូនប្រុសឧកញ៉ា ឌួង ឆាយ បណ្តាលឱ្យហើមខុសប្រក្រតី នៅពេលដែលនាងមើលថែកុមារា ដែលជាកូនឧកញ៉ា ឌួង ឆាយ។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននារីបម្រើម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា លោក ឌួង ឆាយ គួរតែផ្តល់ឱកាសដល់យុវតីរូបនោះឲ្យមានឱកាសកែខ្លួនឡើងវិញ ដែលការផ្តល់ឱកាស១ដងនេះ ស្មើនឹងធ្វើបុណ្យ ៧វត្ត ប៉ុន្តែគួរផ្តល់ឱកាស ដល់អ្នកណាដែលប្រព្រឹត្តបទល្មើសអាចលើកលែងឲ្យបានតែប៉ុណ្ណោះ៕