(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តធុន Tu-95MS ចំនួន ០២គ្រឿង របស់ប្រទេសរុស្ស៊ី បានធ្វើប្រតិបត្តិការល្បាតដែនអាកាសដោយជោគជ័យ នៅលើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងដំណាក់កាលមួយចំនួន នៃប្រតិបត្តិការខាងលើយន្តហោះផ្ទុកគ្រាប់មីស៊ីលទាំង ០២គ្រឿងរបស់រុស្ស៊ី ត្រូវបានហោះកៀងដោយយន្តហោះចម្បាំងធុន F-4, F-15, និង F-16 របស់ប្រទេសជប៉ុន។ យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា ការហោះហើរដើម្បីល្បាតដែនសមុទ្រ ដោយយន្តហោះរបស់កងទ័ពអាកាសរុស្ស៊ី ត្រូវបានធ្វើឡើង ដោយការគោរពយ៉ាងខ្ជាប់ខ្ជួន ចំពោះច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាសនៅលើផ្ទៃដែនសមុទ្រអន្តរជាតិ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ យន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿង ដែលមានប្រភេទដូចគ្នានេះ ក៏ត្រូវបានហោះតាមពីក្រោយយ៉ាងប្រកិត ដោយយន្តហោះចម្បាំងអាមេរិក F-18 ព្រមទាំងយន្តហោះចម្បាំងជប៉ុន F-15, F-4, និង F-2A នៅអំឡុងពេលល្បាតលើដែនសមុទ្រផងដែរ៕