(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីធ្វើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់ៗ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានស្ថានតំណាងស្ថាប័នហិរញ្ញវត្ថុពហុភាគីសំខាន់ៗប្រចាំកម្ពុជា រួមទាំង មន្រ្តីពាក់ព័ន្ធរបស់ខ្លួន ដែលមានតួនាទីធ្វើការតាមដាន វិភាគ វាយតម្លៃ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោក រួមមាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ ដែលត្រូវបានរៀបចំជាលើកទី២ នៅក្នុងឆ្នាំ២០១៨នេះ មានគោលបំណងធ្វើការពិគ្រោះយោបល់ ហើយរួមគ្នាធ្វើការវាយតម្លៃ លើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ និងពិភពលោក ក៏ដូចជា លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ និងបណ្តាឆ្នាំទៅខាងមុខទៀត ព្រមទាំងដើម្បីធ្វើអត្តសញ្ញណកម្មហានិភ័យ និងបញ្ហាប្រឈមនានា រួចដាក់ចេញនូវជម្រើសគោលនយោបាយដែលសមស្រប ក្នុងគោលដៅទ្រទ្រង់ចលនការនៃកំណើនសេដ្ឋកិច្ចផង និងបែងចែកផ្លែផ្កានៃកំណើននេះជូនដល់ប្រជាជនផង ដើម្បីធ្វើឱ្យសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែមានវឌ្ឍនភាព, វិបុលភាព និងកាន់តែមានភាពសុខដុមរម្យនា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏មានគោលបំណងធ្វើការវាយតម្លៃលើលទ្ធផល នៃសមិទ្ធិកម្មសេដ្ឋកិច្ចនៅក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយធ្វើការព្យាករណ៍សម្រាប់រយៈពេលមធ្យមទៅមុខ ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំនូវយុទ្ធសាស្រ្តសំខាន់ៗនានារបស់ប្រទេស រួមទាំងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៥០ ក៏ដូចជាការរៀបចំក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខទៀត។
ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៧ មានភាពល្អប្រសើរ ដោយបន្តសម្រេចបានកំណើនប្រមាណ៧% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យសំណង់, ការបន្តកំណើននៃ វិស័យកាត់ដេរ និងវិស័យកសិកម្ម ព្រមទាំងការងើបឡើងខ្លាំង នៃវិស័យទេសចរណ៍និងវិស័យលក់ដុំ-រាយ។
តាមការព្យការណ៍កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ខាងមុខ អាចនឹងសម្រេចបានក្នុងរង្វង់ ៧% ដោយក្នុងនោះ (១)៖ វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងបន្តកំណើនក្នុងរង្វង់ ១,៨% ដោយសារនិន្នាការថ្លៃកសិផលលើទីផ្សារអន្តរជាតិ (២)៖ វិស័យឧស្សាហកម្មនឹងបន្តរក្សាកំណើនរឹងមាំ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១០% ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ និងការបន្តកំណើននៃវិស័យកាត់ដេរ ស្របពេលនឹងសន្ទុះកំណើនខ្ពស់នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ការបន្តការរីកចម្រើននៃវិស័យសំណង់ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិពិធកម្ម ទៅរកប្រភេទគម្រោងសំណង់តម្លៃទាប និងមធ្យមជំនួសឱ្យកំណើនយឺតនៃប្រភេទសំណង់តម្លៃខ្ពស់ ដែលកំណើននេះត្រូវបានគាំទ្រដោយការអនុវត្តគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ, ការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពវិជ្ជមាននៃជំនឿទុកចិត្តរបស់វិនិយោគិន ទោះបីជាអាចមានឥរិយាបទប្រុងប្រយ័ត្នមួយចំនួនក្នុងឆ្នាំ២០១៨ នេះ។
ដោយឡែក វិស័យកាត់ដេរនៅរក្សាបានកំណើនល្អ ទោះបីវិស័យនេះមានការថមថយបន្តិច ដោយសារនិន្នាការនៃការកើនឡើងប្រាក់ឈ្នួល ដែលជះឥទ្ធិពលអវិជ្ជមានដល់ភាពប្រកួតប្រជែងនៃវិស័យនេះ និងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុនពីបណ្តាប្រទេសនាំចេញផ្សេងទៀត និង(៣).វិស័យសេវាកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ ក្នុងរង្វង់ប្រមាណ៧,០% ដោយសារការរំពឹងទុក នៃកំណើនល្អប្រសើរនៃវិស័យទេសចរណ៍, លក់ដុំ-រាយ, អចលនទ្រព្យ និងវិស័យដឹកជញ្ជូន និងទូរគមនាគមន៍។
គួរបញ្ជាក់ដែរថា កំណើនល្អនៃវិស័យលក់ដុំ-រាយ គឺដោយសារការរំពឹងទុក នៃការបន្តការកើនឡើងនូវការប្រើប្រាស់ក្នុងស្រុក តាមរយៈការអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ កំណើននៃបៀវត្សអប្បបរមា និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ដោយឡែក ចំពោះវិស័យទេសចរណ៍ គឺចាំបាច់ត្រូវបន្តការធ្វើពិពិធកម្មផលិតផល ,គោលដៅ និងទីផ្សារទេសចរណ៍ដែលមានចំណាយខ្ពស់ និងប្រកបដោយគុណភាព សំដៅធានាចីរភាពកំណើននៃវិស័យនេះ។
ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជានឹងត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ទាំងបណ្តាលមកពីតក្តាខាងក្រៅ និងខាងក្នុង។ ចំពោះហានិភ័យ និងបញ្ហាប្រឈម ទាំងនោះ មានដូចជា៖ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក ដែលអាចប៉ះពាល់ការនាំចេញ, លំហូវិនិយោគ និងប្រភពទុនពីខាងក្រៅប្រទេសរបស់កម្ពុជា, ការថមថយសេដ្ឋកិច្ចចិន, ការប្រកួតប្រជែងពីខាងក្រៅកាន់តែច្រើនជាងមុន ក្នុងខណៈដែលតម្លៃនៃការធ្វើធុរកិច្ចនៅកម្ពុជានៅតែខ្ពស់នៅឡើយ រួមផ្សំនឹងនិន្នាការនៃកំណើនប្រាក់ឈ្នូល និងនិន្នាការនៃអនុវត្តគោល នយោបាយគាំពារនិយមនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវប្រឈមនឹងហានិភ័យខាងផ្នែកហិរញ្ញវត្ថុមួយចំនួនទៀត ដូចបញ្ហាប្រភពឥណទាន, កំណើន និងគុណភាពនៃឥណទាន ទាំងនៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដូចនេះ ក្រៅពីបន្តពង្រឹងស្ថេរភាពហិរញ្ញវត្ថុ យើងក៏ត្រូវស្វែងរកប្រភពហិរញ្ញប្បទានដែលមានការប្រាក់ទាប សម្រាប់ធ្វើជាប្រភពទុនឱ្យឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទ្ទឹមនឹងការជំរុញអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងប្រតិបត្តិការធនាគារ ដើម្បីកាត់បន្ថយថ្លៃដើមផង និងសម្រួលប្រតិបត្តិការធនាគារផង ហើយប្រជាជនអាចទទួលនូវកម្ចីដែលមានការប្រាក់ទាបជាងមុន និងសេវាកាន់តែលឿនជាងមុន។
ជាមួយគ្នានេះសេដ្ឋកិច្ចកម្ពុជាក៏កាន់តែត្រូវប្រឈមនឹងកត្តាប្រែប្រួលអាកាសធាតុថែមទៀត។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានអប្បមាទជាប់ជាប្រចាំ ព្រោះការមិនប្រុងប្រយ័ត្ន នៅពេលមិនទាន់មានបញ្ហាកើតឡើង គឺជាហានិភ័យដ៍គ្រោះថ្នាក់មួយ។ បន្ទាប់ពីបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិលើទិដ្ឋភាពនៃស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ពិសេសលើស្ថានភាពរួមនៃសេដ្ឋកិច្ចកម្ពុជា រួមទាំងហានិភ័យ និងបញ្ហាប្រឈមនានា រួចមក, កិច្ចពិភាក្សាបានជ្រើសយកចំណុចសំខាន់ៗមួយចំនួន សម្រាប់ការពិចារណាលើជម្រើសនយោបាយ, គោលនយោបាយ និងយុទ្ធសាស្រ្តមួយចំនួន។
អង្គប្រជុំបានធ្វើការវាយតម្លៃថាជា ចក្ខុវិស័យទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជានៅតែបន្តពឹងផ្អែកច្រើនទៅលើកត្តាពីខាងក្រៅ ដោយសារសេដ្ឋកិច្ចកម្ពុជានៅមានទំហំតូចនៅឡើយ តែក្នុងពេលជាមួយគ្នានេះ យើងចាំបាច់ត្រូវបន្តធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា និងធ្វើឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ តាមយន្តការសេដ្ឋកិច្ចទីផ្សារ តែរដ្ឋត្រូវចេញមុខធ្វើអន្តរាគមន៍ភ្លាមៗនៅពេលមានបរាជ័យទីផ្សារ ឬទីផ្សារមិនអាចដោះស្រាយបញ្ហាបាន (Market failure)។
កម្ពុជាគួរត្រូវបន្តធ្វើទំនើបកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទៅរកសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ (High Value Added Economy) ហើយក្នុងរយៈពេលវែងខាងមុខទៅជា សេដ្ឋកិច្ចដែលបង្កើតតម្លៃ (Value Creation Economy)។ កិច្ចការនេះ ត្រូវតែចាប់ផ្តើមពីពេលនេះតទៅ។ ក្នុងន័យនេះ កម្ពុជាត្រូវដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់មួយចំនួន នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យបន្តសម្រេចបានក្នុងរង្វង់៧% តាមរយៈការបន្តអភិវឌ្ឍន៍លើកកម្ពស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចចាស់ប្រពៃណីដែលមានស្រាប់ផង និងការបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗផង ដែលរួមមាន៖
ក.ការអភិវឌ្ឍលើកកម្ពស់ក្បាលម៉ាស៊ីនចាស់ប្រពៃណីដែលមានស្រាប់ ពិសេសវិស័យកាត់ដេរ (Upgrade Existing Drivers) តាមរយៈ (១).បង្កើនតម្លៃបន្ថែមក្នុងវិស័យនេះឱ្យបានខ្ពស់ ដោយផ្លាស់ប្តូរពីការផលិតនូវផលិតផលដែលមានតម្លៃថោកៗដូចបច្ចុប្បន្ន តម្រង់ឆ្ពោះទៅរកការផលិតនូវផលិតផលដែលមានថ្លៃមធ្យម និងតម្លៃខ្ពស់។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងជំរុញដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរនៅកម្ពុជា ដែលយុទ្ធសាស្រ្តនេះមានរយៈពេល ១០ឆ្នាំ និង (២).លើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុកឱ្យវិនិយោគ ក្នុងវិស័យកាត់ដេរឱ្យបានច្រើន។
ខ.ការបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗ (Newly Emerging Drivers) ដូចជា វិស័យគ្រឿងបង្គុំ និងវិស័យសេវាកម្មមួយចំនួន ដែលកំំពុងតែមានសក្តានុពលខ្ពស់ តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ក្នុងវិស័យទាំងនេះឱ្យបានខ្លាំងក្លា ដោយផ្សាភ្ជាប់ជាមួយនឹងសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក (local SMEs Clusters) ដើម្បីយើងអាចភ្ជាប់ជាមួយនឹងបណ្តាញផលិតកម្មក្នុងតំបន់ផង និងដើម្បីផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុកទៅនឹងការវិនិយោគពីខាងក្រៅផង។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងពន្លឿនការបង្កើតធនាគារអេសអ៊ឹមអី (SMEs Bank) ឱ្យបានឆាប់បំផុត។
គ.ការផ្តួចផ្តើមបង្កើតឧស្សាហកម្មថ្មីៗ ដោយរដ្ឋខ្លួនឯងផ្ទាល់ (Government-led-Industry) ដោយសហការជាមួយនឹងវិស័យឯកជន ដើម្បីផ្តួចផ្តើមបង្កើតក្បាលម៉ាស៊ីនឧស្សាហកម្មថ្មីៗ ដែលអាចមានសក្តានុពលខ្ពស់ទៅថ្ងៃមុខ តែវិស័យឯកជននៅមិនទាន់មានលទ្ធភាពឈានជើងចូលក្នុងវិស័យនេះបាននៅឡើយ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជាគួរពិនិត្យលទ្ធភាពក្នុងការបង្កើតមូលនិធិសហគ្រិនភាព (Cambodia Entrepreneurship Fund) ដើម្បីលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងចំណានៗនៅក្នុងស្រុក និងជួយពួកគេនៅដំណាក់កាលដំបូង ឱ្យពួកគេមានលទ្ធភាពចូលរួមនៅក្នុងការបង្កើតក្បាលម៉ាស៊ីនឧស្សាហកម្មថ្មីៗនេះ ប្រកបដោយនវានុវត្ត។
ចំពោះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាវិញ គឺមានលក្ខណៈរឹងមាំ និងចីរភាព ទាំងនៅក្នុងផ្នែកចំណូល និងទាំងនៅក្នុងផ្នែកចំណាយ ដោយសាររាជរដ្ឋាភិបាលបានគ្រប់គ្រង វិស័យហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសបានយ៉ាងល្អ ដែលនេះ គឺលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ជាក់ស្តែង នៅក្នុងផ្នែកចំណូល គឺយើងសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ និងមិនធ្លាប់មាន ហើយនៅក្នុងខាងផ្នែកចំណាយវិញ គឺក្រៅពីបានខិតខំបង្កើនចំណាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រទេសជាតិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន ក៏ដូចជាដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់រដ្ឋ ព្រមទាំងដល់វិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ សុខាភិបាល និងកសិកម្មជាដើម, យើងក៏បានបង្កើនគុណភាពនៃចំណាយថែមទៀត។
ជាទិសដៅនៅក្នុងរយៈពេលមធ្យមខាងមុខ គឺយើងនឹងបន្តខិតខំរក្សានូវចីរភាពកំណើននៃចំណូលនៅក្នុងកម្រិតដ៏សមរម្យមួយ ដោយមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងការប្រមូលចំណូល ឱ្យកាន់តែទូលំទូលាយ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តគៀរគរចំណូលថ្មី ទន្ទឹមគ្នានឹងការរៀបចំនូវប្រព័ន្ធពន្ធដារថ្មី សំដៅធ្វើឱ្យប្រព័ន្ធនេះក្លាយទៅជាឃ្នាស់សេដ្ឋកិច្ចមួយយ៉ាងពិតប្រាកដ ពោលគឺទ្រទ្រង់កំណើន, ការបង្កើតការងារ, ការទ្រទ្រង់ដល់ការរីកដុះដាលនៃធុរកិច្ចគ្រប់ប្រភេទ ពិសេសសកម្មភាពផលិតកម្មក្នុងស្រុកជំនួសការនាំចូល ព្រមទាំងដើម្បីទ្រទ្រង់ដល់ការប្រកួតប្រជែង និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដោយឈរលើគោលការណ៍សមធម៌ យុត្តិធម៌សង្គម និងតម្លាភាព។
ទន្ទឹមនឹងនេះ ក្នុងផ្នែកចំណាយវិញ, គឺយើងនឹងបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការនៅក្នុងកម្រិតមួយដ៏សមស្រប តាមលទ្ធភាពថវិកាជាតិ ទន្ទឹមនឹងការរឹតត្បិតលើចំនួននៃការជ្រើសរើសមន្រ្តីចូលថ្មី។ ក្រៅពីការបន្តបង្កើនទំហំចំណាយមិនមែនបៀវត្សផ្សេងទៀត, គឺយើងនឹងបន្តបង្កើនគុណភាព និងប្រសិទ្ធភាពនៃចំណាយបន្ថែមទៀត ដើម្បីបង្កើតបាននូវលំហថវិកាបន្ថែម សម្រាប់យកទៅបង្កើនការចំណយលើវិស័យអាទិភាពសំខាន់ៗ ពិសេសវិស័យធនធានមនុស្ស និងលើកកម្ពស់គុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន។
ទន្ទឹមនឹងនេះ យើងនឹងបង្កើនការវិនិយោគឱ្យកាន់តែខ្លាំងក្លាលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងដោយថវិកាជាតិ, ថវិកាពីដៃគូ និងទាំងមកពីវិស័យឯកជន ដោយក្នុងនោះ យើងនឹងធ្វើការវិនិយោគដោយឆ្លាតវៃ (smart investment) លើការតភ្ជាប់ ដោយគ្រប់ដណ្តប់ការតភ្ជាប់នៃវិស័យគន្លឹះចំនួន ០៣ គឺវិស័យទូរគមនាគមន៍ដឹកជញ្ជូន, ថាមពល និងឌីជីថល ក្នុងគោលដៅធ្វើឱ្យការតភ្ជាប់នៅក្នុងប្រទេសរបស់យើង គឺកាន់តែល្អ និងមានគុណភាពកាន់តែប្រសើរឡើង។ ក្រៅពីនេះ យើងក៏នឹងបង្ហូធនធានបន្ថែម សម្រាប់វិនិយោគលើវិស័យនគរូបនីយកម្មផងដែរ៕