(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេកូ (Petro Poroshenko) ទីបំផុតបានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ស្តីពីការរួមបញ្ចូលនូវតំបន់ជម្លោះដុនបាស់ (Donbas) ដែលស្ថិតនៅភាគខាងកើតប្រទេស ឲ្យមកស្ថិតក្រោមអធិបតេយ្យភាព របស់រដ្ឋាភិបាលទីក្រុងកៀវវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយពីការចុះហត្ថលេខា លោក Poroshenko បានបង្ហោះសារពន្យល់បកស្រាយថា ច្បាប់ថ្មីនេះ ពុំរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់អ៊ុយក្រែនឡើយ មានដូចជាកិច្ចព្រមព្រៀងទីក្រុង Minsk ជាដើម។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាខែមករាកន្លងទៅ សភាអ៊ុយក្រែនបានអនុម័តច្បាប់ខាងលើ ស្តីពីការធ្វើសមាហរណកម្មតំបន់ Donbas មកវិញ ដែលច្បាប់នេះ បានកំណត់តំបន់ទាំងប៉ុន្មាន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមចង់បានឯករាជ្យ ថាជាទឹកដីស្ថិតក្រោមការកាប់កាន់ជាបណ្តោះអាសន្នរបស់ភាគីដទៃ។
កាលនោះក្រសួងការបរទេសរុស្ស៊ី បានមើលឃើញច្បាប់នេះថា ជាការត្រៀមរៀបចំសម្រាប់ធ្វើសង្រ្គាមថ្មីមួយ ហើយបានចោទទីក្រុងកៀវ ថាបានបំពានលើកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបង្កើតឡើងដើម្បីបញ្ចប់បញ្ហាវិវាទនៅ Donbas ដោយសន្តិវិធី។
គួរជម្រាបថា ជម្លោះក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០១៤ ក្រោយពីកងទ័ពរដ្ឋាភិបាល បានបើកប្រតិបត្តិការយោធា ដើម្បីដណ្តើមយកទីក្រុង និងក្រុងនានា ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ដែលបានប្រកាសទាមទារឯករាជ្យពីទីក្រុងកៀវ ហើយត្រូវបានគេដឹងថា ក្រុមឧទ្ទាមទាំងនោះ ទទួលការគាំទ្រពីរុស្ស៊ី៕