(ភ្នំពេញ)៖ លោក អូ ណាក់យ៉ុង អគ្គរដ្ឋទូតកូរ៉េខាងត្បូង ទើបតែងតាំងថ្មីប្រចាំកម្ពុជា បានស្នើសុំ សម្តេចប្រធានរដ្ឋសភា ជួយគាំទ្រ និងជំរុញគោលនយោបាយថ្មីរបស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង ដែលដឹកនាំដោយ លោកប្រធានាធិបតី មូន ចែអ៉ីន ចំពោះតំបន់អាស៊ីអាគ្នេយ៍។
សំណើភាគីកូរ៉េខាងត្បូងនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអគ្គរដ្ឋទូត ត្រូវបានអនុញ្ញាតឲ្យជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅក្នុងឱកាសនោះ លោក អូ ណាក់យ៉ុង បានជម្រាបជូនសម្តេចថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចែអ៊ីន បានដាក់ចេញ នូវគោលនយោបាយកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង ដែលសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ កិច្ចសហប្រតិបត្តិការនេះ មិនសំដៅត្រឹមតែ ការរឹតចំណងការទូតនោះទេ តែសំដៅដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជនថែមទៀត។
លោក អូ ណាក់យ៉ុង បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតាំងពីយូរមកហើយ បានរីកចម្រើនគួរ ឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ។ ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ បានបង្កើតសហគមន៍ជាច្រើន ក្នុងប្រទេសកូរ៉េ ចំណែកសហគមន៍ប្រជាជនកូរ៉េ នៅក្នុងប្រទេសកម្ពុជាក៏មានការរីកចម្រើនជាលំដាប់ដែរ។ «ចំណងមិត្តភាពរវាងប្រទេស និងប្រទេស។ ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរ គឺជាលក្ខណៈសម្បត្តិសមគួរណាស់ ក្នុងការអនុវត្តគោលនយោបាយអាស៊ីខាងត្បូង»។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះ បេសកកម្មការទូតរបស់លោក អូ ណាក់យ៉ុង នៅកម្ពុជា។ បេសកកម្មនេះ ស្របពេលដែលទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) មានការរីកចម្រើនគួរឱ្យកត់សំគាល់ លើគ្រប់វិស័យទាំង វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយ ឥតសំណង កម្ចីឥណទានសម្បទាន ដែលគំរោងនានាជាច្រើនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ជាដើម។ ក្រៅពីនេះ សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារការងារដ៏ធំ សម្រាប់ពលករកម្ពុជា។ «ខ្ញុំសង្ឃឹមថា តាមរយៈ បេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ លោកនឹងបន្តខិតខំលើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ បន្តបង្កើនចំនួនកូតា ចំពោះពលករកម្ពុជា កាន់តែច្រើនថែមទៀត»។
លោក អូ ណាក់យ៉ុង បានគាំទ្រប្រសាសន៍ សម្តេចប្រធានរដ្ឋសភា ហើយបានសន្យាថា នឹងខិតខំអនុវត្តន៍តាមសំណើរបស់សម្តេច។ លោកបានបន្តថា អ្វីដែលសម្តេចបានស្នើឡើងគឺសុទ្ធសឹងស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយអាស៊ីខាងត្បូងរបស់កូរ៉េ។ ជាមួយគ្នានេះ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងកូរ៉េ កាន់តែពង្រឹងពង្រីកថែមទៀតនាពេលអនាគត ពិសេសនៅក្រោយការ បោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ហើយនោះ៕