(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ក្នុងរយៈពេលជិត២ទសវត្សរ៍ តាយរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានផ្ទេរថវិកាជាង២០០០លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែងប្រើប្រាស់សម្រាប់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
បើតាមសម្ដេច ស ខេង ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមក បានបង្ហាញឲ្យឃើញថា កំណែទម្រង់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ អភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈម ជាអាទិភាពនានា នៅតាមមូលដ្ឋានផ្សេងៗគ្នា។
សម្ដេចប្រធាន គ.ជ.អ.ប គូសបញ្ជាក់ថា ផ្អែកលើធនធានទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្នាតតូចជាច្រើន ដូចជាផ្លូវលំជនបទ ប្រព័ន្ធស្រោចស្រព សំណងអនាម័យជនបទ សំណងផ្គត់ផ្គង់ទឹកស្អាត និងសំណង់ផ្សេងៗទៀតជាដើម និងគម្រោងមិនមែន ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការផ្ដល់សេវាសង្គមនានដូចជា អនាម័យជនបទ ការគាំពារមាតា និងទារក យេនឌ័រ ការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការចងក្រងសហគមន៍តាមមូលដ្ឋាន ដើម្បីលើកស្ទួយផលប្រយោជន៍របស់ក្រុមជនងាយរងគ្រោះ គម្រោងបង្កើនប្រាក់ចំណូល លក្ខណៈគ្រួសារ និងគម្រោងអភិរក្សធនធានធម្មជាតិជាដើម។
ការលើកឡើងទាំងអស់នេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២១០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងសន្និសីទជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ «មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» ដោយមានអ្នកចូលរួមប្រមាណជិត៣០០០នាក់។
សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ទោះបីកំណែទម្រង់នេះមានការវិវឌ្ឍទៅមុខជាលំដាប់ស្របតាមដំណាក់កាលនីមួយៗ ដូចបានកំណត់ នៅក្នុងកម្មវិធីជាតិ រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏បច្ចុប្បន្នកំណែទម្រង់នេះ បាននិងកំពុងឈានចូលដល់ ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញាំទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេស ដែលទាមទារឲ្យបន្ដពង្រឹងការប្ដេជ្ញាចិត្តខាងនយោបាយ ក្នុងរាជរដ្ឋាភិបាលទាំងមូល។
បន្ថែមពីនេះត្រូវពង្រឹងកិច្ចសហការ ការចូលរួម និងការគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបន្ដអនុវត្តកិច្ចដំណើរការកំណែទម្រង់ក្នុងដំណាក់កាលទី៣ នៃកម្មវិធីជាតិ ដើម្បីធានាឲ្យប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានប្រសិទ្ធភាព កាន់តែឆ្លើយតប និងកាន់តែមានគណនេយ្យ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕