(ស្វាយរៀង)៖ មន្រ្តីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន៣៤២នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី និងបំពាក់ឋានន្តស័ក្តិ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអនុប្រធានសេនាធិការ លោកប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ និងលោកអធិការក្រុង/ស្រុក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលខេត្តស្វាយរៀងខាងលើនេះ រួមមាន៖ ប្រកាសតួនាទីថ្មី២៧នាក់ និងបំពាក់ឋានន្តរស័ក្តិ ចាប់ពីថ្នាក់ព្រិន្ទបាលទោ ដល់ថ្នាក់អនុសេនីយ៍ឯក ចំនួន៣៤២នាក់។
ថ្លែងនៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ កឹង ឃន បានលើកឡើងពីសភាពការណ៍ក្នុងប្រទេស និងបានសសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ក៏បានសំណូមពរដល់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបទទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ចុងក្រោយនៃកម្មវិធី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានឧបត្ថម្ភថិវិកាដល់មន្ត្រីនគរបាល ដែលត្រូវពាក់ស័ក្តិនាពេលនោះក្នុងម្នាក់ៗ ទទួលបាន១ម៉ឺនរៀលផងដែរ៕