(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថបានបញ្ជូនមន្ត្រីយោធាម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី ពាក់ព័ន្ធ សំណុំរឿងប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅតុលាការនៅព្រឹកនេះ។
ជនសង្ស័យឈ្មោះ យឹម សុកាន អាយុ៣៥ឆ្នាំ មុខរបរយោធាឋានន្តរស័ក្តិអនុសេនីយ៍ទោ នៃអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងតាមដីកាបញ្ជឱ្យចូលខ្លួនលេខ០៣៤ អ.យ.ព របស់លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលបានចោទប្រកាន់ជនសង្ស័យពីបទ «ប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខ» និងបានកំណត់ឱ្យជនសង្ស័យបង្ហាញខ្លួននៅការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបានមុនថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីពេលថ្មីៗនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យកងកម្លាំងទាំងអនុវត្តច្បាប់ឱ្យបានតឹងរឹង បំផុតពាក់ព័ន្ធករណីមន្ត្រីខិលខូច ប្រើប្រាស់រថយន្តគេចពន្ធ ក្រោមរូបភាពពាក់ស្លាកលេខ ខ.ម និងន.ប បំពានច្បាប់៕