(ភ្នំពេញ)៖ ទីបំផុត ! វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត បានឆ្លងផុតស្ថាប័នព្រឹទ្ធសភាហើយ បន្ទាប់ត្រូវបានអនុម័តទាំងស្រុងដោយឥតកែប្រែ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
កិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។
របៀបវារៈដែលបានអនុម័តទាំងស្រុងដោយឥតកែប្រែ ដោយព្រឹទ្ធសភា នៅព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងធម្មនុញ្ញស្តីពី វិសោធនកម្ម មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃ ច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕