(ភ្នំពេញ)៖ រយៈពេល១ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង យ៉ាងសន្ធឹកសន្ធាប់ដល់កម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន៣១៩លានដុល្លារអាមេរិក លើគម្រោងចំនួន៦។ នេះបើតាម ការអះអាងរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំសារពើពន្ធ២០១៧ ដែលចាប់ផ្ដើមពីខែមេសា ២០១៧ ដល់ខែមីនា ២០១៨ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើឯកសារជំនួយឥតសំណងចំនួន ៦គម្រោង រាប់បញ្ចូលទាំងគម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះ មានអាហារូបករណ៍ ការពារទឹកជំនន់នៅភ្នំពេញ សាងសង់ស្ពានបន្ទាន់នៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងសាងសង់វិទ្យាស្ថានគរុកោសល្យ និងកម្ចីសម្បទានចំនួន ១គម្រោងគឺអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសរុបទឹកប្រាក់ទាំងអស់មានចំនួនប្រមាណ ៣៦ ពាន់លានយ៉េន ស្មើនឹងប្រមាណ ៣១៩លានដុល្លារអាមេរិក»។
ប្រមុខការទូតកម្ពុជា បានបន្ថែមថា «ទំហំទឹកប្រាក់នៃការផ្តល់ជំនួយអភិវឌ្ឍន៍ជប៉ុន ដល់កម្ពុជា ក្នុងឆ្នាំសារពើពន្ធ ២០១៧ បានកើនលើសឆ្នាំ ២០១៦ ដែលមានចំនួនប្រមាណ ១៨២,៦ លានដុល្លារអាមេរិក ។ នេះបង្ហាញឲ្យឃើញពីការប្តេជ្ញារបស់ជប៉ុនក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ជប៉ុនចំពោះទំនាក់ទំនងដ៏ប្រសើរបំផុតជាមួយនឹងព្រះរាជាណាចក្រកម្ពុជា»។
រដ្ឋាភិបាលជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្តល់ជំនួយធំៗ ដែលជួយអភិវឌ្ឍន៍ចំគោលដៅ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ បណ្ដាញតភ្ជាប់អគ្គីសនី និងការអភិវឌ្ឍន៍ធនធានមនុស្ស។
រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងចន្លោះឆ្នាំ ១៩៩៨-២០០៨ ចំនួន៥លើក (១៩៩៨, ២០០២, ២០០៣, ២០០៧ និង ២០០៨) ជាសម្ភារៈការិយាល័យ បច្ចេកទេស និងហិបឆ្នោត សម្រាប់ការបោះឆ្នោតសកល និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសរុបថវិកាមានជាង ១៣លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការបន្តគាំទ្រនិងជួយឧបត្ថម្ភការអភិវឌ្ឍន៍នៅកម្ពុជា។ លោកបានអរគុណផងដែរចំពោះ ឯកអគ្គរដ្ឋទូតជប៉ុន HORINOUCHI ព្រមទាំងមន្ត្រីស្ថានទូត ក៏ដូចជាទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ដែលបានខិតខំយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងជប៉ុន និងកម្ពុជា៕