(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមនឹងវត្តមានចូលរួមពីលោក លោកស្រី ​ប្រតិបត្តិករ​ទេសចរណ៍ ​អាជ្ញាធរជាតិអប្សរា មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងដៃគូរពាក់ព័ន្ធ បាន​​អញ្ជើញ​ចូលរួម​​ក្នុង​ “កិច្ចប្រជុំបូកសរុប​ការងារ​ទេសចរណ៍ឆ្នាំ​២០១៧ និងទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០១៨របស់​មន្ទីរទេសចរណ៍ខេត្ត​សៀមរាប​” ដែលមានអ្នកចូលរួមសរុបប្រមាណជា ៤០០នាក់ នាសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ឃឹម ប៊ុនសុង បានថ្លែងបើកកិច្ចប្រជុំនេះថា ព្រមជាមួយគ្នានិងសមិទ្ធិផលជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៧ ស្របតាមកម្មវិធី​គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋបាលខេត្តសៀមរាប ក៏បានជួបការងារប្រឈម និងបញ្ហាដែលនៅសេសសល់មួយចំនួនដែលយើងត្រូវត្រួតពិនិត្យ និងវាយតម្លៃឲ្យបានស៊ីជម្រៅរាល់សកម្មភាពការងារដែលយើងបានអនុវត្តការងារកន្លងមក និងកំពុងអនុវត្តដើម្បីមានមូលដ្ឋានដ៏ ត្រឹមត្រូវ រៀបចំយុទ្ធសាស្ត្រ វិធានការថ្មីសម្រាប់អនុវត្តបន្តឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។

លោកបន្តថា ពាក់ព័ន្ធទៅនឹងសោភ័ណភាពក្រុងទោះបីជាទិដ្ឋភាពជាក់ស្តែង យើងពិនិត្យឃើញថានៅមានសភាពមិន ទាន់បានល្អប្រសើរ ដូចដែលយើងចង់បានបានសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏រដ្ឋបាលខេត្តអាចវាយ តម្លៃបានថា តាមរយៈការប្តេជ្ញាចិត្តពីគ្រប់ពាក់ព័ន្ធទាំងអស់ ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវក្នុងក្រុង និងផ្លូវជនបទទៅតាមគោលដៅទេសចរណ៍ត្រូវបានកែលម្អ និងស្ថាបនាឡើងវិញ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យកាន់តែល្អប្រសើរ។

លោកបានលើកឡើងថា ដើម្បីរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួន៥ដូចខាងក្រោម៖

១៖ ការរៀបចំក្រុងសៀមរាប ដែលត្រូវអភិវឌ្ឍឲ្យទៅជាទីក្រុងទេសចរណ៍ ជាទីក្រុង បេតិកភ័ណ្ឌ ជាទីក្រុងដែលបានគិតគូរពីបរិស្ថាន ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប ។

២៖ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ការរៀបចំផ្គត់ផ្គង់ទឹក អគ្គិសនី ការគ្រប់គ្រងសំណល់រឹងរាវឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមស្តង់ដាបរិស្ថាន. ការរៀបចំសណ្តាប់ធ្នាប់សាធារណឲ្យបានល្អ របៀបរៀបរយ ស្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺ ទីក្រុង ពង្រីកផ្លូវក្នុងក្រុង ពិសេសផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជិះកង់ ។ បច្ចុប្បន្នរដ្ឋបាលខេត្តបាននឹង កំពុងរៀបចំផ្លូវ ចំណតរថយន្ត សួនច្បារ និងកន្លែងហាត់ប្រាណនៅចន្លោះស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មព្រះរាជដំណាក់ ។ ការរៀបចំតំបន់ផ្សារចាស់ ( Pub Street) បានល្អប្រសើរ​ ។

៣៖ ជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ដើម្បីកាត់បន្ថយការធ្នុះធ្លាយនៃសេដ្ឋកិច្ចវិស័យទេសចរណ៍ ដូចជានាំការចូលនូវដាំបន្លែ ផ្លែឈើ សាច់ពីបរទេស​ ជំរុញសកម្មភាព​ប្រជាពលរដ្ឋ​ដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាលក្ខណះ​គ្រួសារ និងធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ភ្ញៀវទេសចរ។

៤៖ ជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប ដោយពង្រឹងគុណភាពសេវា និងបង្កើតចលនាទេសចរណ៍ថ្មីបន្ថែមទៀត ជំរុញការឃោសនា ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ ដោយសហការជាមួយផ្នែកឯកជន ដៃគូរអភិវឌ្ឍន៍ និងរៀបចំកញ្ចប់ទស្សនកិច្ចក្រៅតំបន់ប្រាសាទ ។

៥៖ ជំរុញការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ កិច្ចប្រជុំបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៨ របស់មន្ទីរ ទេសចរណ៍ខេត្តសៀមរាប ថ្ងៃនេះគឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយនូវលទ្ធផល បទពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយបញ្ហាប្រឈមដែលមន្ទីរសម្រេចបានកន្លងមក ។

លោកអភិបាលបានបន្តថា កិច្ចប្រជុំនេះពិតជាមានសារ សំខាន់សម្រាប់ផ្តល់នូវភាពនុវត្តភាពដល់គ្រប់ប្រតិបត្តិករទេសចរណ៍ មន្ទីរជំនាញនានា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសផ្នែកឯកជន បានប្រមូលផ្តុំនូវគន្លឹះសំខាន់ៗក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងផ្តល់មតិយោបល់តាមរយៈ ការពិភាក្សាឈរលើមូលដ្ឋានកែលម្អស្ថាបនា រួមទាំងការអនុវត្តការងារ និងឥរិយាបទរបស់មន្ត្រីរាជការគ្រប់ផ្នែកក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រតិបត្តិករទេសចរណ៍ ឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ថោង ខុន បានលើកឡើងថា វិស័យទេសចរណ៍នៅខេត្តសៀមរាប​ បាន​និងកំពុង​បន្ត​បោះជំហ៊ាន​ទៅ​មុខ ស្របនឹង​វិស័យផ្សេងទៀត​ មិនថា​តែ​នៅ​ខេត្ត​សៀមរាប ឬ​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​កំពុង​អភិវឌ្ឍ​ឈាន​ឡើង​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​។​ បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ប្រទេសជាតិយើងពោរពេញដោយសុខសន្តិភាព​ និង​ការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំថែរក្សាការពារឱ្យ​បាន ​ព្រោះ​​វា​ជា​​អាយុជីវិត និងសេចក្តីសុខសាន្តរបស់យើងសម្រាប់ពេលបច្ចុប្បន្ន និង​សម្រាប់កូនចៅយើងរាប់ជំនាន់ទៅអនាគត។ វិស័យទេសចរណ៍មិនអាច​អភិវឌ្ឍ​បានទេ បើ​ប្រទេស​ជាតិមួយគ្មានសន្តិភាព។ ពិតណាស់ថា កម្ពុជាពិតជាមាន​ឧត្តម​ភាពប្រកួត​ប្រជែង​ខ្ពស់ខាងវិស័យទេសចរណ៍ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព​នយោបាយ និង​សុខសុវត្ថិភាព ដែលជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍ។

លោករដ្ឋមន្ត្រីបានរំលឹកថា នៅ​​ឆ្នាំ២០១៧ ក្នុងចំណោម​ទេសចរអន្តរជាតិ​ ជាង ៥.៦លាននាក់ មក​កម្ពុជា ក្នុងនោះមក​ទស្សនា​ខេត្តសៀមរាប​ មានចំនួនជាង ២.៤លាននាក់ កើន​ឡើង ១១.៤% ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០១៦ ។ ដោយឡែក​នៅឆ្នាំ​២០១៧ ខេត្ត​សៀមរាបបានទទួលភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​សរុប​ចំនួនប្រមាណជិត ៥.៦លាននាក់ កើន៩.៩៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ក្នុងនោះ ភ្ញៀវទេសចរអន្ដរជាតិមានចំនួនប្រមាណ ២.៥លាននាក់ កើន១១.៤២% ធៀបនឹង ឆ្នាំ២០១៦ និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៣លាននាក់ កើន៨.៧៧% ធៀបនឹងឆ្នាំ២០១៦ ។

លោកក៏បានគូសបញ្ជាក់ផងដែរថា ជាមួយនឹង​កំណើន​ដ៏ឆាប់រហ័ស​នៃ​លំហូរ​ភ្ញៀវទេសចរ និងវិនិយោគិន​មក​​កាន់​ព្រះរាជាណាចក្រកម្ពុជា យើងសង្កេត​ឃើញមាន​ការរីកចំរើន​ ជា​បន្ត​បន្ទាប់​នូវ​សម្បទា​ទេសចរណ៍​នៅទូទាំងប្រទេស​ក្នុងនោះរួមមានសណ្ឋាគារ​មាន​ប្រមាណ​ជា​ ៧៨១កន្លែង(ស្មើនឹង​៤៥,០៧០បន្ទប់) ផ្ទះភ្ញៀវមានប្រមាណជា ២,២៥៥កន្លែង​(ស្មើនឹង៣៣,៧២៧បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋាន​មាន​ប្រមាណជា ២,២៣៩​កន្លែង(ស្មើនឹង​១៣០,៨៨៥កៅអី) ម៉ាស្សា​មាន​ប្រមាណជា ៣០៨កន្លែង(ស្មើនឹង​២,៧៧៩គ្រែ) សេវាកម្សាន្ត​ទេសចរណ៍​សម្រាប់មនុស្សពេញវ័យ​មាន​ប្រមាណ​ជា​ ៨៨១​កន្លែង​ ទីភ្នាក់ងារទេសចរណ៍មានប្រមាណជា​ ៦១៩កន្លែង មគ្គុទ្ទេសក៏​ទេសចរណ៍មានប្រមាណជា ៦,១២៣នាក់(សរុបមាន​១២ភាសា)។

លោករដ្ឋមន្ត្រីបន្តថា ដោយឡែក​សម្រាប់​ខេត្ត​សៀមរាប មានសណ្ឋាគារចំនួនប្រមាណជា ២២៥ កន្លែង ផ្ទះភ្ញៀវមាន ចំនួនប្រមាណជា ៣១៦កន្លែង ភោជនីយដ្ឋាន-អាហារដ្ឋានមានប្រមាណជា ១៩០ កន្លែង សេវាកម្សាន្ដទេសចរណ៍មានប្រមាណជា ១៣កន្លែង ម៉ាស្សាសុខភាព មានចំនួនប្រមាណ ៥០កន្លែង ទីភ្នាក់ងារទេសចរណ៍មានប្រមាណជា ២៨៤ កន្លែង មគ្គុទ្ទេសក៏​ទេសចរណ៍មានប្រមាណជា ៤,១៥២នាក់ ។

លោកបន្តឲ្យដឹងទៀតថា គួរ​ចាប់អារម្មណ៍​ផងដែរថា ខេត្តសៀមរាប​ត្រូវបាន​ទទួលស្គាល់​ជា «គោល​ដៅ​​ទេសចរណ៍​ដ៏ទាក់ទាញ» សម្រាប់តំបន់និងជា​អន្តរជាតិផងដែរ។ ជាក់ស្តែង​កាលពីថ្ងៃទី​២៦ ​ខែ​មករា ឆ្នាំ​២០១៨ នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៨ នៅ​ទីក្រុងឈៀងម៉ៃ ប្រទេសថៃ​កន្លងទៅ​ថ្មីៗនេះ ​ក្រុងសៀមរាប​ត្រូវបា​ន​ពិនិត្យ​និងវាយតម្លៃ​ដោយ​​​សហគមន៍​អាស៊ាន ទទួល​ស្គាល់​ជា​ «ទីក្រុងទេសចរណ៍​ស្អាត​អាស៊ាន»។

លោកបន្ថែមថា សមិទ្ធផលដែល​យើងទាំងអស់​គ្នា​ទទួលបាននេះ មិនមែន​កើតមាន​ដោយចៃដន្យនោះទេ គឺ​សុទ្ធសឹង​ជា​ផលពីកម្លាំងខិតខំប្រឹងប្រែង​របស់​គ្រប់​ភាគីពាក់ព័ន្ធ​ ពិសេស​ប្រជា​ពលរដ្ឋដែល​រស់នៅ​ផ្ទាល់នៅខេត្ត​សៀមរាប​នេះតែ​ម្តង។ សព្វថ្ងៃ​មិត្ត​ប្រតិបត្តិករ និងវិនិយោគិនទេសចរណ៍​ទាំងអស់កំពុង​ទាញយក​ផល​ពី​សមិទ្ធផលមួយនេះ ដូច្នេះគួរណាស់យើងត្រូវចូលរួម​ទាំងអស់​គ្នាថែរក្សា។​ ការ​អភិវឌ្ឍ​តំបន់បេតិកភណ្ឌ​វប្បធម៌​សៀមរាបអង្គរ​យើងនេះ ​ត្រូវដើរត្រង់លើមាគ៌ា​​និរន្តរភាព និង​​ការ​ទទួល​ខុសត្រូវរួមមួយ​​​​​រវាង​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ក្នុង​ការរ​ក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍​​​ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និង​វប្បធម៌។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងនូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីឈានឆ្ពោះប្រកបដោយនិរន្តរភាព ៣ចំណុចធំៗ ដូចជា ៖

១៖ រដ្ឋបាល​ខេត្តសៀមរាប​ ត្រូវខិតខំ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍​ខេត្តសៀមរាប​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន ​ធ្វើ​យ៉ាងណា​រក្សា​ជ័យ​លាភី​នេះឱ្យបាន។ ខេត្តសៀមរាប ហ៊ុព័ទ្ធ​ដោយ​មជ្ឈដ្ឋាន​សម្បត្តិ​បេតិក​ភណ្ឌ​​ជាតិ និងអន្តរជាតិជា​ច្រើន ដែល​ទាមទារ​ឱ្យ​មាន​ការយកចិត្ត​ទុក​ដាក់ខ្ពស់។ មានន័យថា រាល់សកម្មភាព​ណាមួយ​ដែល​បាន​ដាក់ចេញ​ត្រូវ​មាន​ការ​គិតគូរ​ និងដាក់ផែនការ​ត្រឹមត្រូវ។ ក្នុងន័យ​នេះ ខេត្ត​គួរ​ត្រូវ​មាន​ផែនការ​អភិវឌ្ឍ​ក្រុង និងផែនការ​ប្រើប្រាស់ដី​ទីក្រុង ជា​ឯកសារ​ផ្លូវ​ការ​និងដាក់ឱ្យ​អនុវត្ត​ឱ្យបាន​ក្នុងឆ្នាំ​២០១៨នេះ។
២៖ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ក្នុងនាម​ជា​សេនា​ធិការ​បច្ចេក​ទេស​ឱ្យ​រដ្ឋបាល​ខេត្ត​ត្រូវ​ខិតខំដាក់ចេញ​ក្នុងឆ្នាំ​២០១៨នេះផងដែរ​នូវ​ការងារ​​ជា​អាទិភាពចំពោះ​មុខចំនួន។

៣៖ មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ត្រូវ​បន្ត​ខិតខំប្រឹង​ប្រែង​ការងារ​គ្រប់គ្រង​អាជ្ញាបណ្ណ​ទេសចរណ៍ និងចំណាត់ថ្នាក់ក្នុង​សេវាកម្ម​ទេស​ចរណ៍​ ដើម្បី​រុញភ្ជាប់នឹង​សមិទ្ធផលដែល​យើង​បាន​ទទួល​ដោយ​មោទន​ហើយ​នេះ គឺ «ក្រុងសៀមរាប ជា​ទីក្រុងទេសចរណ៍​ស្អាត​​អាស៊ាន» ស្របតាម​ទិសដៅចលនាប្រឡងប្រណាំង ​​«ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ និងបដិសណ្ឋារកិច្ច​ល្អ» ។

សូមបញ្ជាក់ថា នៅក្នុងក្នុងពិធីនេះផងដែរ ខាងរដ្ឋបាលខេត្តសៀមរាប បានប្រគល់ជូននូវប័ណ្ណសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ចំនួន ២២កន្លែង រួមមាន សណ្ឋាគារ១កន្លែង ភោជណីយដ្ឋាន៤កន្លែង សមាគមបើកតាក់ស៊ី១ ម្ចាស់ហាងផលិតផលខ្មែរ១កន្លែង បណ្ដាញសហគមទេសចរណ៍ស្រុកបន្ទាយស្រី១កន្លែង ផ្ទះសំណាក់១កន្លែង មគ្គុទ្ទេសក៍ទេសចរណ៍៥នាក់ អ្នកបើកបររ៉ឺម៉កជានារី៤នាក់ ក្រុមហ៊ុន សាម សុជាង ឌីវេឡុបម៉ិន ១កន្លែង និងក្រុមហ៊ុនទីភ្នាក់ងារទេចរណ៍ ចំនួន៣កន្លែង សរុបចំនួន ២២ប័ណ្ណសរសើរ៕