(ភ្នំពេញ)៖ លោកស្រីសាស្ដ្រចារ្យ ទុង រដ្ឋាវី ប្រធានបជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បានថ្លែងថា មកទល់នឹងពេលនេះ ស្ដ្រីបានមកសម្រាលកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈ មានរហូតដល់ទៅជាង៨០% ក្រៅពីនោះ គឺនៅមូលដ្ឋានរបស់ឯកជន សម្រាប់សម្រាលកូននៅតាមផ្ទះ ស្ទើរតែមិនមាននោះទេ។
លោកស្រីសាស្ដ្រចារ្យ បានថ្លែងបែបនេះ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាសណ្ឋាគារភ្នំពេញ។
លោកស្រីបានថ្លែងទៀតថា តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងការជំរុញរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ គឺចង់ឲ្យស្ដ្រីទាំងអស់ មកសម្រាលកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈឲ្យបាន១០០% ពីព្រោះការសម្រាលកូន នៅមូលដ្ឋានសុខាភិបាល គឺជាការសម្រាលដែលមានភាពស្អាត និងមានសុវត្ថិភាពជាងគេ ដោយមានទាំងឧបករណ៍ ធនធានមនុស្សគ្រប់គ្រាន់ ទាំងគ្រូពេទ្យមានជំនាញ និងឆ្មប ដែលអាចជួយបានគ្រប់ពេលសម្រាលកូនទាំងអស់ រួមទាំងជំនះបាននូវឧបសគ្គទាំងអស់ ដើម្បីជួយសង្គ្រោះមាតា និងទារកទាន់ពេលវេលា។
លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី បានថ្លែងថា «បច្ចុប្បន្ននេះ គឺមានមណ្ឌលសុខភាពជាង១,០០០មណ្ឌល និងមន្ទីរពេទ្យបង្អែកជាច្រើនទៀត ដែលមានភាពល្អប្រសើរ ជាងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហើយកាលពីឆ្នាំ២០១០មក គឺគ្រប់មណ្ឌលសុខភាព គឺមានឆ្មបទាំងអស់ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ ហើយក្រសួងក៏ដាក់ពង្រាយឆ្មប នៅតាមមន្ទីរពេទ្យកាន់តែច្រើន ដើម្បីឆ្លើយតប ទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋយើង»។
លោកស្រីសាស្ដ្រាចារ្យបន្ដថា «ក្រោមការដឹកនំាដ៏មោះមុត ក្លៀវក្លារបស់សម្ដេចតេជោហ៊ុនសែន បានដាក់ចេញនូវអន្ដរាគមន៍គន្លឹះជាច្រើន សំដៅដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់មាតា និងទារក ដោយបង្កើនចំនួនមូលដ្ឋានសុខាភិបាលកាន់ច្រើន ពិសេសនោះ មូលដ្ឋានសុខាភិបាល នឹងរត់តាមប្រជាជនយើង គាត់ទៅទីណា គឺយើងក៏នៅទីនោះដែរ ហើយត្រូវបង្កើនចំនួនឆ្មប ការបញ្ជូលក្រមខ័ណ្ឌ និងការដាក់ពង្រាយឆ្មប ការពង្រឹង ជំនាញវិជ្ជាជីវៈឆ្មប ការកែសម្រួលក្របខ័ណ្ឌមន្ដ្រីឆ្មប។ ទន្ទឹមនឹងនោះ គឺរាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដ ដល់ក្រុមឆ្មបយើង ដើម្បីឲ្យការសម្រាលកូនមានសុវត្ថិភាព នៅមូលដ្ឋានសុខាភិបាល។ អន្ដរាគមន៍នេះ គឺបានធ្វើឲ្យកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន រួមទាំងសម្រេចបានគោលដៅអភិវឌ្ឍន៍ សហស្សវត្សទី៤ និងទី៥ ផងដែរ។
ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ក៏បានប្ដេជ្ញា រួមគ្នាជាមួយថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសុខាភិបាល ចូលរួមផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារក ក្នុងផ្ទៃការស្លាប់ទារក ទើបនឹងកើត និងការស្លាប់របស់កុមារ អាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។
គួររម្លឹកថា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់ថ្ងៃទី២១ ខែកុម្ភៈ ជារៀងឆ្នាំជាទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដែលឆ្លុះបញ្ចំងជាថ្មីទៀត នូវការប្ដេជ្ញាចិត្ដដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាពស្ដ្រី និងកុមារ៕