(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត។
សន្និសីទជាតិនេះ មានអ្នកចូលរួមប្រមាណជាង២៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំចៅសង្កាត់។
សូមជម្រាបថា សម្រាប់ពិធីបិទសន្និសីទនេះនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ។
សូមបញ្ជាក់ថា សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយ អំពីសមិទ្ធផលនានា នៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិត២ទសវត្សកន្លងមក និងផ្ដល់ឱកាសឲ្យមានការជជែកពិភាក្សា លើមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល៕