(ប៊ុយដាប៉ែល-ហុងគ្រី)៖ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួម «កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល» (Executive Committee Meeting of Centrist Democrat International – CDI) នៅរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ លោក Zsolt Semjén ឧបនាយករដ្ឋមន្ត្រីហុងគ្រី និងលោក Viktor Orbán នាយករដ្ឋមន្ត្រីនៃហុងគ្រី នៅវិមានរដ្ឋសភា រដ្ឋធានីប៊ុយដាប៉ែស។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកនូវចំណុចខ្លះៗដូចជា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ប្រកាន់ភ្ជាប់តាមរបៀបវារៈនយោបាយនិយមកណ្ដាល តែអតីតបក្សប្រឆាំង ដែលមាននយោបាយជ្រុលនិយម បានឃុបឃិតជាមួយបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ ហើយបញ្ចុះបញ្ចូលសភាអឺរ៉ុបដើម្បីប្រឆាំងនឹងកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាពុំអាចអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌ជាដាក់ខាតនៅកម្ពុជា និងត្រូវអនុវត្តច្បាប់ និងរដ្ឋធម្មនុញ្ញស្របតាមនីតិរដ្ឋ។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា កម្ពុជាដាច់ខាតការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ឲ្យបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយពេញលេញនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូច ដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីហុងគ្រី ដើម្បីកុំឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងនឹងកម្ពុជា ហើយដោយសារសន្តិភាពមានទូទាំងប្រទេស នាំអោយរាជរដ្ឋាភិបាលកម្ពុជា អាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៧% ជាងពីរទសវត្សរ៍កន្លងមក បានធ្វើឲ្យជីវភាពប្រជាជនបានរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានោះ លោក Zsolt Semjén ឧបនាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា ប្រទេសហុងគ្រីមានគោលនយោបាយបើកចំហរឆ្ពោះទិសខាងកើត គិតទាំងកិច្ចសហប្រតិបត្តិការ ជាមួយចិន រុស្ស៊ី និងអាស៊ាន ជាពិសេសកម្ពុជា ហើយប្រទេសហុងគ្រីគឺជាផ្នែកមួយនៃ VISIGRAD (ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក) ដែលបច្ចុប្បន្នជា «ក្បាលម៉ាស៊ីន» នៃសហភាពអឺរ៉ុប។ ប្រទេសទាំងបួនមានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងសហភាពអឺរ៉ុប។
នៅទីបញ្ចប់ លោក Zsolt Semjén បន្ថែមថា ប្រទេសហុងគ្រីនឹងគាំទ្រដល់ប្រទេសកម្ពុជាទាំងផ្លូវការ និងក្រៅផ្លូវការ នៅក្នុងសហភាពអឺរ៉ុប សម្រាប់បញ្ហានានាដែលទាក់ទងនឹងការប្តេជ្ញាចិត្តរបស់សភាអឺរ៉ុបលើកម្ពុជា នឹងផ្តល់ការគាំទ្រកម្ពុជា ពិសេសនឹងមិនគាំទ្រសេចក្តីសម្រេចណា ដែលមានចេតនាដាក់ទណ្ឌកម្មលើកម្ពុជា នៅក្នុងសភាអឺរ៉ុបឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖
ដោយឡែក នៅរសៀលថ្ងៃ១៦ កុម្ភៈ ២០១៨ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជួបពិភាក្សាការងារ ជាមួយលោក Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី ពិភាក្សាអំពីសភាពការណ៍នៅកម្ពុជា ដូចដែរឧបនាយករដ្ឋមន្ត្រី បានជម្រាប លោក Zsolt Semjén ឧបនាយករដ្ឋមន្ត្រីហុងគ្រី កាលពីពេលព្រឹកថ្ងៃដដែរនោះ។
នាយករដ្ឋមន្ត្រី របស់ប្រទេសហុងគ្រី បានថ្លែងអំរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ឲ្យ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មកចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល (CDI Executive Committee Meeting) ហើយបានបញ្ជាក់ថា ហុងគ្រីនឹងគាំទ្រកម្ពុជា ក្នុងបញ្ហានេះ ដោយលោក បានទទួលរបាយការណ៍ពីឧបនាយករដ្ឋមន្ត្រីហុងគ្រី រួចមកហើយ។
ជាទីបញ្ចប់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាប នាយករដ្ឋមន្ត្រីហុងគ្រី អំពីការអញ្ជើញនាយករដ្ឋមន្ត្រីហុងគ្រី មកទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងពង្រីកមិត្តភាព ដ៏យូរលុងរវាងកម្ពុជា និងហុងគ្រី ព្រមទាំងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី សន្យាថា នឹងមកទស្សនកិច្ចកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃក្រោយ៕