(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ខ្លួនមន្រ្តីយោធាម្នាក់ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មន្រ្តីយោធារូបនេះមានឈ្មោះ យឹម សុកាន អាយុ៣៥ឆ្នាំ បម្រើការងារនៅអង្គភាព បញ្ជាការដ្ឋានកងរថក្រោះ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ ហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ងិន ពេជ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ពីបទប្រើប្រាស់រថយន្តពណ៌ត្រេអ៊ី និងពាក់ស្លាកលេខរថយន្តក្លែងក្លាយ។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញខេត្តកំពង់ស្ពឺ ប្រគល់ទៅឲ្យកម្លាំងជំនាញលើផ្ទៃប្រទេស ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕