(ភ្នំពេញ)៖ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានច្រានចោលទាំងស្រុង ចំពោះជនខិលខូចដែលបានប្រឌិតរឿងដោយផលិតវីដេអូមួយ ដាក់បង្ហោះតាមគេហទំព័រ Youtube ដែលនៅក្នុងវីដេអូនោះ បានរំលេចរូបភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស រួចដាក់សញ្ញាព្រួញពណ៌ក្រហម ចង្អុលទៅរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយសំដីវាយប្រហារយ៉ាងខ្លាំងៗទៅលើសម្តេច។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅពេលថ្មីៗនេះ ស្រាប់តែមានជនអគតិមួយចំនួន បានបំភ្លើសការពិតទាំងស្រុង ដោយបានផលិតវីដេអូមានរយៈពេលជាង១ម៉ោង ដាក់បង្ហោះតាមគេហទំព័រ Youtube ដោយលើកបង្ហាញរូប មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ គឺលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី និយាយរិះគន់វាយប្រហារធ្ងន់ៗ ទៅលើការដឹកនាំ និងបុគ្គលសម្តេចតេជោ ហ៊ុន សែន តែម្តង។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «នៅក្នុងវីដេអូដែលត្រូវបានបង្ហោះ និងមានការចែករំលែកតៗគ្នានោះ គឺជនទុច្ចរិតបានដាក់រូបថតលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដែលមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចដាក់សញ្ញាព្រួញពណ៌ក្រហម ចង្អុលទៅកាន់រូបសម្តេចតេជោ ហ៊ុន សែន ដោយដាក់ចំណងជើងលើវីដេអូថា «មិនចេះជេរទេ តែដាក់ម៉ាឆ្ងាញ់» ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ រួចហើយអមដោយសំឡេងរិះគន់ និងវាយប្រហារខ្លាំងៗទៅលើការដឹកនាំ និងបុគ្គលផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន តាំងពីថ្ងៃអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន ដោយចង់បំភ័ន្តថា លោកឧត្តមសេនីយ៍ ស៊ិន សូផាន្នី បាននិយាយវាយប្រហារទៅលើប្រមុខរាជរដ្ឋាភិបាលនោះ»។
សម្រាប់ការប្រឌិតមួលបង្កាច់បែបនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «យើងសូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផលិតវីដេអូបោកកុហស់ ប្រាកចាកពីការពិតនេះ ដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមិនពិតនោះទេ»។
លោកថា នៅពេលនេះកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា បាននិងកំពុងធ្វើការស្រាវលើករណីនេះហើយ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះជនខិលខូចទាំងនេះ៕