(ភ្នំពេញ)៖ ស្ដ្រីជាមុខសញ្ញាមេចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ដោយដកហូតបានថ្នាំញៀនជិត១០០កញ្ចប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
មន្ដ្រីនគរបាលខណ្ឌបានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយជនសង្ស័យជាស្ដ្រីឈ្មោះ ជៀម ចាន់ថន អាយុ៣៩ឆ្នាំ មុខរបរពុំពិតប្រាកដ។
មន្ដ្រីដដែលបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៍សថ្លា ចំនួន៩២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕