(សៀមរាប)៖ ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរ និងកូរ៉េជាច្រើននាក់ បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទ ក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២ ដែលរៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ ត្រូវបានបើកដោយ ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានអ្នកជំនាញខ្មែរ អ្នកជំនាញអន្តរជាតិជាច្រើនស្ថាប័ន ពាក់ព័ន្ធនឹងវិស័យជួសជុលអភិរក្សបេតិកភណ្ឌ ក្នុងតំបន់អង្គរ ចូលរួមជាច្រើននាក់ផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង អំពីការស្រាវជ្រាវទាក់ទងការជួសជុល ការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ពិសេសគឺក្រុមប្រាសាទព្រះពិធូរ ដែលទទួលខុសត្រូវការងារដោយអ្នកជំនាញកូរ៉េ។ ក្នុងសិក្ខាសាលានេះ ក៏មានបទបង្ហាញជាច្រើននិយាយអំពីការស្រាវជ្រាវអំពីវប្បធម៌ អរិយធម៌ខ្មែរ ការកំណាយស្រាវជ្រាវពីរចនាសម្ពន្ធសំណង់ប្រាសាទព្រះពិធូរ ស្ថាបត្យកម្មសំណង់ ចម្លាក់តាមប្រាសាទផ្សេងៗផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទព្រះពិធូរ គឺដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ មានទីតាំងនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ និងគ្រោងបញ្ចប់ជំហានដំបូង ក្នុងឆ្នាំ២០១៨។ គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរ មានការងារ៣ធំ ដែលត្រូវធ្វើ គឺការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ៕