(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា គិតត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជា មានសណ្ឋាគារចំនួន ៧៨១កន្លែង ខណៈខេត្តសៀមរាប មានចំនួនរហូតដល់ ២២៥កន្លែង។ ការលើកឡើងរបស់លោកបែបនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០១៨ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងថា «ជាមួយនឹងកំណើនដ៏ឆាប់រហ័សនៃលំហូរភ្ញៀវទេសចរ និងវិនិយោគិនមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញមានការរីកចម្រើនជាបន្តបន្ទាប់នូវសម្បទាទេសចរណ៍ នៅទូទាំងប្រទេសក្នុងនោះរួមមានសណ្ឋាគារមានប្រមាណជា ៧៨១កន្លែង (ស្មើនឹង៤៥.០៧០បន្ទប់) ផ្ទះភ្ញៀវមានប្រមាណជា ២.២៥៥កន្លែង(ស្មើនឹង៣៣.៧២៧បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមានប្រមាណជា ២.២៣៩កន្លែង (ស្មើនឹង១៣០.៨៨៥កៅអី) ម៉ាស្សាមានប្រមាណជា ៣០៨កន្លែង (ស្មើនឹង២.៧៧៩គ្រែ) សេវាកម្សាន្តទេសចរណ៍ សម្រាប់មនុស្សពេញវ័យ មានប្រមាណជា ៨៨១កន្លែង ទីភ្នាក់ងារទេសចរណ៍មានប្រមាណជា ៦១៩កន្លែង មគ្គុទ្ទេសក៏ទេសចរណ៍មានប្រមាណជា ៦.១២៣នាក់ (សរុបមាន១២ភាសា)»

លោករដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងទៀតថា ដោយឡែកសម្រាប់ខេត្តសៀមរាប មានសណ្ឋាគារចំនួនប្រមាណដល់ទៅ ២២៥ កន្លែង ផ្ទះភ្ញៀវមាន ចំនួនប្រមាណជា ៣១៦កន្លែង ភោជនីយដ្ឋាន-អាហារដ្ឋានមានប្រមាណជា ១៩០ កន្លែង សេវាកម្សាន្ដទេសចរណ៍មានប្រមាណជា ១៣កន្លែង ម៉ាស្សាសុខភាព មានចំនួនប្រមាណ ៥០កន្លែង ទីភ្នាក់ងារទេសចរណ៍មានប្រមាណជា ២៨៤ កន្លែង មគ្គុទ្ទេសក៏ទេសចរណ៍មានប្រមាណជា ៤.១៥២នាក់ ។

ជាមួយគ្នានេះ លោក ថោង ខុន បានសម្តែងចំណាប់អារម្មណ៍ថា ខេត្តសៀមរាបត្រូវបានទទួលស្គាល់ជា «គោលដៅទេសចរណ៍ដ៏ទាក់ទាញ» សម្រាប់តំបន់ និងជាអន្តរជាតិផងដែរ។ លោកបានបន្ថែមថា ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃកន្លងទៅថ្មីៗនេះ ក្រុងសៀមរាបត្រូវបានពិនិត្យ និងវាយតម្លៃដោយសហគមន៍អាស៊ាន ទទួលស្គាល់ជា «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» ផងដែរ៕