(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន២៩នាក់ ចំនួនពីរបទល្មើស។
មន្ត្រីតុលាការថ្លែងថា ក្រុមចាប់ជំរិតទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោសដោយតាំងខ្លួនជាអ្នករាជការសាធារណៈ និងបទកំហែងយក» តាមមាត្រា៣៦៣ មាត្រា៣៧៧ និង មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ។ ប៉ុន្ដែយោងតាមបទល្មើសនេះ ចៅក្រមអាចនឹងឃុំខ្លួនពួកគេដាក់ពន្ធនាគារបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរ នៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ ដែលពួកគាត់មិនពាក់ព័ន្ធនឹងអំពើល្មើសច្បាប់។
សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!