(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់បានចំនួន ៨,៣៤៥,៥០០មែត្រក្រឡា ស្មើនឹង៨៣៤ហិចតា កម្ទេចចោលគ្រាប់មីនជិត៤ពាន់គ្រាប់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «សរុបលទ្ធផលកិច្ចប្រតិបតិ្តការខែមករា ឆ្នាំ២០១៨ សំរេចបាន១២៤%នៃផែនការ (ប្រៀបធៀផែនការប្រចាំខែមករា) ដោយរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់បានចំនួន ៨,៣៤៥,៥០០មែត្រក្រឡា (៨៣៤ហិកតា) ដោយរុករកឃើញកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះគ្រាប់ប្រភេទ មានចំនួន ៣,៨៣៤គ្រាប់ និង១៨៣,៥៤៩អំបែង»។
លោក ហេង រតនា បានឲ្យដឹងទៀតថា សកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ការងារស្រាវជ្រាវការងារហ្វឹកហ្វឺន ក៏ទទួលបានលទ្ធផលល្អផងដែរមិនតែប៉ុណ្ណោះ ស៊ីម៉ាក់បានធ្វើការឆ្លើយតប នឹងតម្រូវការបន្ទាន់ របស់ប្រជាជនបានចំនួន៣៩៦សំណើរទៀតផង។
សូមរម្លឹកថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ លោក ហេង រតនា បានថ្លែងថា នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទអស់ ៤០,៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅឆ្នាំ២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ១៤៧គីឡូម៉ែត្រក្រឡា ដែលប្រតិបត្តិការនេះ ស៊ីម៉ាកត្រូវការថវិកា ២០លានដុល្លារអាមេរិក៕