(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបង្ហាញជំហរបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងសង្គមកិច្ច ជាបន្តបន្ទាប់ទៀត ដើម្បីជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ទាំងឡាយក្នុងនោះមានទាំងកុមារ និងជនមានពិការភាពនៅកម្ពុជា។
ជាមួយគ្នានោះលោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន ក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសង្គមកិច្ច ក្នុងកិច្ចការពារកុមារ កុមារងាយរងគ្រោះ និងជនពិការនៅទូទាំងប្រទេសកម្ពុជា។
លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ការងារសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ បានយកចិត្តទុកដាក់ជាបន្តបន្ទាប់ និងអរគុណដល់ក្រសួងដែលបានសហការយ៉ាងល្អ ជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើកិច្ចការឲ្យទទួលបានលទ្ធផលល្អ។
រដ្ឋមន្រ្តី វង សូត ក៏បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានចូលរួមសហការ និងចូលរួមចំណែកជួយដល់ការងារសង្គមកិច្ចកន្លងមក ឲ្យដំណើរការរលូន និងទទួលបានប្រសិទ្ធការងារជាបន្តបន្ទាប់។
រដ្ឋមន្រ្តីបានបន្ថែមថា តែយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសង្គមកិច្ច និងអង្គការសហប្រជាជាតិ នៅតែមានកិច្ចការជាច្រើនទៀតត្រូវធ្វើរួមគ្នា ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានបង្ហាញឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច បានប្រឹងប្រែងបំពេញការងារ ជាបន្តបន្ទាប់ ដោយបានជួយដល់កុមារ មនុស្សចាស់ ជនអនាថា និងជនមានពិការភាពឲ្យទទួលបានសិទ្ធិ និងធ្វើឲ្យជីវភាពរបស់ពួកគាត់ កាន់តែល្អប្រសើរជាលំដាប់។
លោក វង សូត បន្តថា ជាគោលដៅ នាថ្ងៃអនាគតយើងរំពឹងថា បញ្ហាប្រឈមរបស់បងប្អូន និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ឲ្យរួចផុត ពីភាពទុក្ខលំបាក និងវិវត្តន៍ជីវភាព និងការរស់នៅឲ្យងាយស្រួលជាងមុនទាំងនៅក្នុងមណ្ឌល និងនៅតាមសហគមន៍។
បន្ថែមពីលើនេះ លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន បានឲ្យដឹងថា កន្លងមកទាំងក្រសួង និងអង្គការ បានជួបប្រជុំជាមួយដៃគូពាក់ព័ន្ធជាច្រើន ជាពិសេស ជាមួយសាលារាជធានីភ្នំពេញ ក្នុងការស្វែងរកវិធីសាស្រ្ត និងមធ្យោបាយល្អៗ ដើម្បីជួយដល់សង្គមកម្ពុជា និងជួយដល់កុមារ និង ជនមានពិការភាពដែលកំពុងតែរងគ្រោះនៅកម្ពុជាផងដែរ៕