(ភ្នំពេញ)៖ ល្បិចកលរបស់អាមេរិកក្នុងការលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសដទៃ លែងជាអាថ៌កំបាំងទៀតហើយ។ សូម្បីកាសែត ញូយ៉កថែម New York Times របស់អាមេរិកខ្លួនឯងក៏បានសរសេរបទវិភាគបើកកកាយយ៉ាងលម្អិត អំពីរឿងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិប្បតេយ្យជាច្រើនទៀតដែរ។
អត្ថបទវិភាគរបស់កាសែត ញូយ៉កថែម ចុះថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៨ សរសេរដោយលោក Scott Shane បានបង្ហាញយ៉ាងច្បាស់លាស់អំពីល្បិចកលដ៏អាក្រក់របស់ សហរដ្ឋអាមេរិកក្នុងការជ្រៀតជ្រៃកចូលកិច្ចការបោះឆ្នោតរបស់ប្រទេសដទៃ ដែលបានធ្វើឡើងមិនតិចជាង១០០ដងទេ រហូតមកដល់ពេលនេះ។ បណ្តាប្រទេសដែលទទួលរងគ្រោះ ដោយបញ្ហានេះមាននៅក្នុងទ្វីបអាមេរិកឡាទីន អឺរ៉ុប អាហ្វ្រិក មជ្ឈឹមបូព៌ានិងអាស៊ី។
អ្នកវិភាគបានបន្តថា គោលដៅរបស់អាមេរិកគឺការលើកបន្តុបក្រុមអ្នកនយោបាយដែលជាកូនជឹង កូនអុករបស់ខ្លួន ហើយដែលគេបានហៅថា ជាអ្នកការពារប្រជាធិបតេយ្យ។ ការលើកបន្តុបធ្វើឡើងក្រោយការដណ្តើមអំណាចដោយមធ្យោបាយកខ្វក់មានដូចជា ការជួយកូនជឹងរបស់ខ្លួនជាសម្ងាត់ រឺ ជាជំហរ រឺក៍ការផ្តួលអ្នកឈ្នះឆ្នោតដោយមធ្យោបាយណាមួយ - ការធ្វើរដ្ឋប្រហារ - ការធ្វើបដិវត្តពណ៍ រឺ ដល់ការលួចធ្វើឃាតជាដើម។ ភ្នាក់ងារ C.I.A អាមេរិកមានប្រវត្តិធ្វើកិច្ចការនេះយ៉ាងជោគជាំ។ នេះបើយោងតាមកាសែត New York Times ដែលបានស្រង់សម្តីអតីតមន្ត្រីបម្រើការឲ្យ ស៊ី អាយ អេ។
ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្រសួងការបរទេសអាមេរិក ក៏បានចេញមុខជាចំហរក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ជាពិសេសតាមរយៈកិច្ចការបោះឆ្នោតតែម្តង។ អត្ថបទរបស់កាសែត ញូយ៉កថែម អាចឆ្លុះបញ្ចាំងបានយ៉ាងល្អអំពីអ្វីដែលបាននិងកំពុងកើតឡើងនៅកម្ពុជា។ សហរដ្ឋអាមេរិកដែលមានបំណងយកកម្ពុជាធ្វើជាប្រទេសរណបបានប្រើប្រាស់កូនជឹងរបស់ខ្លួនគឺ សម រង្ស៊ី និង កឹម សុខា ដែលមានគណបក្សសង្គ្រោះជាតិ ជាតំណាងក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដូចអ្វីដែលលោក កឹម សុខា បានបញ្ជាក់ជាសាធារណៈក្នុងឃ្លីបវីដេអូ គឺអាមេរិកជាអ្នករៀបចំគម្រោងផែនការផ្តួលរំលំរបបដឹកនាំក្រុងភ្នំពេញ ដោយប្រើប្រាស់ស្ទីលចាស់ដូចដែលគេធ្លាប់ប្រើរួចហើយទាំងជាង១០០លើក។
អាមេរិកបានរៀបចំផែនការជាច្រើនឆ្នាំ និងយ៉ាងល្អិតល្អន់តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសេណារីយោឲ្យលោក កឹម សុខា និង សម រង្ស៊ី ដើរតាម។ ការចាកចេញពីឆាកនយោបាយទៅបង្កើតអង្គការសិទ្ធិមនុស្ស និងបន្ទាប់មកក៏ហក់ចូលក្នុងឆាកនយោបាយវិញ និងពាក្យស្លោកដែលលោក កឹម សុខា តែងតែប្រើ៖ «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» គឺជាការដុតបញ្ឆេះឲ្យប្រជាពលរដ្ឋខ្មែរហ៊ានងើបតស៊ូ បះបោរប្រឆាំង រដ្ឋអំណាចស្របច្បាប់ដើម្បីធ្វើការផ្តួលរំលំដោយប្រើប្រាស់កម្លាំងមហាជន។
ទន្ទឹមនឹងផែនការជាសម្ងាត់នេះ អាមេរិកក៏បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួនជាច្រើនតួយ៉ាងអង្គការ អិន ឌី អាយ (N.D.I) អាយ អ អាយ (I.R.I) - CANVAS ព្រមទាំងវិទ្យុអាស៊ីសេរី ជាដើមដើម្បីជួយជ្រោមជ្រែងតាមគ្រប់រូបភាពដល់កូនជឹងរបស់ខ្លួន ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជារឿយៗក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំកម្ពុជា តែងតែចេញមុខគាំទ្រជាចំហរដល់បក្សប្រឆាំង និងតែងថ្កោលទោសរដ្ឋាភិបាលនៅពេលដែលមានចំណាត់ការផ្លូវច្បាប់ប្រឆាំង កូនជឹងរបស់ខ្លួន។ មហាបាតុកម្ម និងកូប្បកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គឺជាការសាកល្បងកម្លាំងលើកដំបូង ដើម្បីផ្តួលរំលំបន្ទាប់ពីបានអនុវត្តផែនការ និងការរៀបចំសេណារីយោយ៉ាងល្អិតល្អន់ជាច្រើនឆ្នាំរួចមកពីព្រោះអាមេរិកគ្មានសង្ឃឹមឡើយថា បក្សប្រឆាំងជាកូនជឹងអាចបោះឆ្នោតឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ ដោយសារតែភាពកម្សោយ ការប្រកាន់បក្សពួកនិយម អំពើពុករលួយ ភាពពាលាអាវ៉ាសែ ស្រីញី ល្បែងអប្បាយមុខរបស់ពួកគេ។ល។
ប៉ុន្តែជាភ័ព្វសំណាងល្អ ផែនការដ៏កខ្វក់ប៉ុនមហាមេឃនេះបានទទួលបរាជ័យទាំងស្រុង ដោយសារតែរដ្ឋាភិបាលក្រុងភ្នំពេញបានដឹងយ៉ាងច្បាស់ពីផែនការដែលគេបានរៀបចំដើម្បីផ្តួលរំលំ ហើយក៏បានចាត់វិធានការទាន់ពេលវេលា។ ទីបំផុតទេវតាបរាមុខអតីតបក្សប្រឆាំងតាមរយៈពាក្យសម្តីសារភាព ដោយឯកឯងរបស់លោក កឹម សុខា ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលី។ ពាក្យសម្តីសារភាពនេះគឺជាភស្តុតាងដ៏សែនមានតម្លៃសម្រាប់រដ្ឋាភិបាលក្នុងការចាប់ខ្លួនលោក កឹម សុខា និងដើម្បីបំផ្លាញចោលទាំងស្រុងបណ្តាញចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។
កម្ពុជារួចផុតពីគ្រោះថ្នាក់ហើយ នៅឡើយតែមហិច្ឆតារបស់មហាអំណាច និងកូនជឹងមួយក្តាប់តូចនៅមិនទាន់ចប់នៅឡើយទេ។ ពួកគេនៅត្រដខ្យល់ដើម្បីលុបលាងភាពអាម៉ាស់ និងដើម្បីផ្តល់ក្តីសង្ឃឹមទោះតិចតួចយ៉ាងណាក្តី ដល់អ្នកគាំទ្ររបស់ខ្លួនដែលស្ទើរតែអស់ក្តីសង្ឃឹមរលីងទៅហើយនោះ។ ទោះជាយ៉ាងណា ដែនដីនេះដែលមានឈ្មោះថា ជាដែនដីសុវណ្ណភូមិ ជាព្រះរាជាណាចក្រអឆ្ឆរិយៈ ពិតជាដែនដីដែលមានព្រលឹងបុព្វបុរសថែរក្សា ហើយមិនអនុញ្ញាតឲ្យពួកឱនក្បាលរណបបរទេសទទួលជ័យជំនះឡើយ។
ជាក់ស្តែង អតីតមេបក្សម្នាក់រត់ចោលស្រុក ម្នាក់ទៀតកំពុងជាប់គុក ចំណែកគណបក្សក៏ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលហើយដែរ។ ទន្ទឹមនឹងនោះអតីតមន្ត្រី និងសកម្មជនគណបក្សអាយ៉ងបរទេសមួយនេះ ក៏កំពុងបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ខណៈប្រជាពលរដ្ឋដែលធ្លាប់គាំទ្រ ក៏មិនបានបញ្ចេញប្រតិកម្មអ្វីសូម្បីបន្តិចដែរ ហើយជាពិសេសពួកគេក៍មិនចាប់អារម្មណ៍ជាមួយសកម្មភាពរបស់ក្រុមខុសច្បាប់នេះ ដែលជាប់ពាក់ព័ន្ទនឹងបទក្បត់ជាតិទៀតឡើយ។ អ្វីដែលពួកគេធ្លាប់អួតថា មានប្រជាជនជិតកន្លះនគរគាំទ្រ ប៉ុន្តែទីបំផុតគឺសូន្យឈឹង។
កាលពីចុងសប្តាហ៍មុននេះ ទណ្ឌិត សម រង្ស៊ី បានទៅដល់ទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយពលរដ្ឋខ្មែរនៅទីនោះ ប៉ុន្តែមានមនុស្សតិចតួចបំផុតដែលចាប់អារម្មណ៍មកចូលរួម។ ទោះជាអ្នករៀបចំកម្មវិធីខិតខំប្រកូកប្រកាសតាមហ្វេសប៊ុក ដោយបង្ហាញពីសាច់អាំង និងអន្សមអាំង ដោយខំអួតថាឆ្ងាញ់ដើម្បីទាក់ទាញឲ្យមានអ្នកមកចូលរួមច្រើន ប៉ុន្តែទីបំផុតទៅអ្នករៀបចំកម្មវិធីប្រកាសពីការខកចិត្តដែលមានមនុស្សតិចតួចបំផុតមកចូលរួម។
ស្របពេលដែលកូនជឹងកំពុងអស់លក្ខណ៍បែបនេះ ល្បិចកលរបស់ក្បាលម៉ាស៊ីនដឹកនាំបញ្ជាក៏ត្រូវបានកាសែតធំៗល្បីល្បាញដូចជា ញូយ៉កថែម ជាដើមនេះ សរសេរបកអាក្រាតខ្ទេចខ្ទីគ្មានសល់អ្វីឡើយ ហើយនេះគឺជាភស្តុតាងថ្មីមួយទៀត ដែលមិនអាចប្រកែកបានអំពីការសំរេចចិត្តដ៍ត្រឹមត្រូវ និងទាន់ពេលវេលាបំផុតរបស់រដ្ធាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រើវិធានការច្បាប់ដើម្បីបំផ្លាញចោលនូវផែនការក្បត់ជាតិរបស់អតីតបក្សប្រឆាំងដែលទទួលផែនការ និងបញ្ជាពីមហាអំណាចបរទេសក្នុងការផ្តួលរដ្ឋអំណាចភ្នំពេញ ដូចអ្វីដែលលោក កឹម សុខា បានសារភាពថា «អាមេរិកអោយខ្ញុំយកគំរូ បដិវត្តពណ៍នៅយូហ្គោស្លាវី និងសែរប៊ីមកអនុវត្តនៅកម្ពុជា»។
ដោយ៖ កូនខ្មែរ