(ភ្នំពេញ)៖ បុរស និងស្រ្តីចំនួន២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈមានជនសង្ស័យបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ បណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យ និងជនរងគ្រោះ ភ្លាមៗនោះក៏មានបក្ខពួកពីរម៉ូតូទៀត មកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅម៉ូតូដែលធ្វើសកម្មភាពកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ពៈ ឆ្នាំ២០១៨ ស្ថិតនៅជិតស្តុបផ្សារដេប៉ូផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះអូន បានប្រាប់ឲ្យដឹងថា ពួកគេទាំង២នាក់ ជិះម៉ូតូមួយគ្រឿងឌ្រីមសង់១១០ពណ៌ខ្មៅ ដាច់ស្លាកលេខ ជិះចេញពីផ្សារដើមគរ ដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរ យកទៅលក់នៅផ្សារទួលសង្កែ។
ពេលជិះមកស្តុបផ្សារដេប៉ូហួសបន្ដិច ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1491តែម្នាក់ឯង ក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់បានដាក់នៅក្នុងអាវ។ ភ្លាមៗនោះ ជនរងគ្រោះបានទាញមកវិញ ទើបបណ្ដាលឲ្យដួលម៉ូតូទាំង២នាក់តែម្ដង។
ស្រាប់តែពេលនោះក៏មានម៉ូតូពីរគ្រឿងទៀត ដែលគាត់មិនចាំម៉ាក បានមកដឹកយកជនសង្ស័យគេចបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់វានៅកន្លែងកើតហេតុតែប៉ណ្ណោះ៕