(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់មិនបានបិទទិដ្ឋាការដល់មន្ដ្រីរដ្ឋាភិបាលកម្ពុជា ដូចសារព័ត៌មានមួយចំនួនចុះផ្សាយនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវមានព័ត៌មានមួយទៀតថា អាល្លឺម៉ង់ហាមឃាត់មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា មិនឲ្យទៅចូលអាល្លឺម៉ង់ តែខ្ញុំកំពុងតែឆ្ងល់ថា អាល្លឺម៉ង់ជាប្រទេសមួយដែលនៅក្នុងប្លុកអឺរ៉ុប អា Visa ចូលសហគមន៍អឺរ៉ុបនេះ មាន Visa មួយដែលគេហៅថា Visa attdent ដែល attdent នេះប្រទេសខ្លះគេលើកលែង ប៉ុន្ដែមានព័ត៌មាន មួយរឿងហ្នឹងគេប្រឌិតវាមិនពិត ដែលខ្ញុំទទួលបានព័ត៌មានចុងក្រោយនេះ មិនមែនរដ្ឋាភិបាលអាល្លឺម៉ង់ទេ ដែលរឿងនេះយើងស្រាវជ្រាវបន្ដទៀត»។
ការថ្លែងបែបនេះរបស់សម្ដេចក្រឡហោម ស ខេង បានធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ នៅព្រឹកថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញផ្សាយអត្ថបទមួយថា រដ្ឋាភិបាលអាល្លឺម៉ង់ព្យួរការ ផ្តល់ទិដ្ឋាការអនុគ្រោះចំពោះសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅជម្រុញឲ្យកែលម្អបរិយាកាសនយោបាយ។
សូមជំរាបថា ក្រៅពីប្រតិកម្មរបស់សម្ដេច ស ខេង នៅថ្ងៃនេះ, កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ មិនបានព្យួរការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នោះទេ។ ហើយក៏ពុំមានលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញការព្យួរទិដ្ឋាការ។
លោក ជុំ សុន្ទរី តាមរយៈបណ្ដាញព័ត៌មាន Fresh News បានថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា «ពុំមានលិខិតផ្លូវការណាមួយពីរដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញការព្យួរទិដ្ឋាការ ចាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ មន្ត្រីយោធាជាន់ខ្ពស់ និងប្រធានតុលាការកំពូលរបស់កម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍នោះទេ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់ ដូចជាពុំមានភាពចម្រូងចម្រាស់អ្វីនោះទេ ក្នុងរយៈពេលចុងក្រោយនេះ។ ហើយក៏ពុំមានការព្រមាន ឬការដាក់សម្ពាធណាមួយ ធ្វើឡើងតាមស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា មកដល់ក្រសួងការបរទេស ឬរដ្ឋាភិបាលកម្ពុជានោះឡើយ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មកដល់ពេលនេះ មានតែក្រសួងការបរទេសសហរដ្ឋអាមេរិកមួយគត់ ដែលបានចេញប្រកាសជាផ្លូវការផ្អាកការផ្តល់ទិដ្ឋាការ ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក៕