(ភ្នំពេញ)៖ សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបន្តស្នើឱ្យរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជាឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ភាគីកម្ពុជា បានដាក់លក្ខខណ្ឌទាមទារឱ្យអាមេរិក ដកការរិតត្បិតទិដ្ឋាការឡើងវិញ ជាថ្នូរនឹងការបន្តកិច្ចសហប្រតិបត្តិការនេះ។
ការស្នើដោយទទូចរបស់សហរដ្ឋអាមេរិក បានធ្វើឡើងក្នុងជំនួបរវាង លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិជាមួយ លោក Rodney Frelinghuysen ប្រធានគណៈកម្មការគ្រប់គ្រង និងបែងចែកថវិកាជាតិ នៃរដ្ឋសភាសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៨នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិក ចង់បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈកន្លងមក។
លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបញ្ហានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីបំណងដ៏ខ្លាំងក្លារបស់ សហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកអដ្ឋិធាតុទាហាន អាមេរិកដែលបានបាត់ខ្លួន»។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ច្បាស់អំពីជំហរកម្ពុជាថា នឹងដំណើរការឡើងវិញ នូវកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា ភ្លាមៗបន្ទាប់ពីមានការសម្រេចរបស់សហរដ្ឋអាមេរិក ដកទៅវិញនូវការរឹតត្បិតទិដ្ឋាការមកលើមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស»។
កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល។
ការប្រឈមមុខដាក់គ្នាក្នុងវិស័យការទូតរវាងកម្ពុជា-អាមេរិក ចាប់ផ្តើមតឹងតែងជាងមុន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានបន្តរឹតត្បិតទិដ្ឋាការបន្ថែមទៀត ដល់មន្រ្តីកម្ពុជាណា ដែលពួកគេយល់ថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាមុនថា ចំពោះបញ្ហានេះ គឺនៅពេលណាដែលអាមេរិកប្រកាសលុបចោល ការផ្អាកផ្តល់ទិដ្ឋាការនេះភ្លាម សម្តេចក៏នឹងបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា អដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕