(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ ជារឿងត្រឹមត្រូវតាមច្បាប់ ក្នុងប្រទេសប្រជាធិបតេយ្យ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «មានអ្នកវិភាគមួយចំនួនថា សភាហ្នឹងវាខុសច្បាប់ អញ្ចឹងមានន័យថា ច្បាប់ទាំងនេះ ក៏វាខុសទាំងអស់ បញ្ហានេះគឺយើងបានបកស្រាយហើយ មូលហេតុអីបានគេរំលាយ គណបក្សសង្គ្រោះជាតិ មិនតែប៉ុណ្ណោះគេទុករយៈពេលមួយខែដើម្បីឲ្យពួកគាត់ទៅ ការពារការចោទប្រកាន់ ប៉ុន្តែគាត់មិនទៅ គាត់ជាអ្នកបោះបង់ចោលសិទ្ធិការពារខ្លួនឯងនោះទេ ឥឡូវតុលាការគាត់ធ្វើតាមកាតព្វកិច្ចរបស់គាត់»។
សម្តេចក្រឡាហោម ស ខេង បានបន្តថា បន្ទាប់មកយើងបានរើច្បាប់ថា ក្នុងករណីបែបហ្នឹងអាសនៈ របស់គណបក្សដែលមាននៅក្នុងរដ្ឋសភា តើគេត្រូវធ្វើយ៉ាងម៉េច? ឥឡូវគេធ្វើតាមច្បាប់ គឺអាស្រ័យដោយទង្វើល្មើស ប្រឈមនឹងមាត្រា៦ថ្មី២ មាត្រា៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះគណៈកម្មការធ្វើច្បាប់ ត្រូវធ្វើការបែងចែកតាមគោលការណ៍ច្បាប់។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះថា «ដូច្នេះការរំលាយគណបក្ស វាអត់ខុសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ។ បើមើលតែមួយកំណាត់ គឺថាសភាហ្នឹង វាមិនត្រូវច្បាប់វាមិនមែនដូចការបកសា្រយនោះទេ អញ្ចឹងអ្នកច្បាប់ត្រូវតែរៀបរាប់ឲ្យមានហេតុមានផល ឲ្យបានច្បាស់លាស់ តាមទិដ្ឋភាពនយោបាយថាមានអ្នកនោះ មានអ្នកនេះគឺតាមមនោសញ្ចេតនារបស់គេ តាមការពិតវាមិនមែនអញ្ចឹងទេ។ មានអ្នកខ្លះបដិសេធច្បាប់ហ្នឹង គ្រាន់តែដឹងថាច្បាប់គឺជាការចាប់បង្ខំ មានន័យថា មិនចាំបាច់តាមរកការគាំទ្រ ការអនុវត្តច្បាប់នោះទេ»។
សូមបញ្ជាក់ថា CNRP ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោលពីកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សនេះមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ជាមួយគ្នានេះ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ការរំលាយគណបក្សសង្រ្គោះជាតិនេះ ធ្វើឡើង២ខែប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ដែលធ្លាយវីដេអូនិយាយសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់អាមេរិក ដើម្បីផ្លាស់ប្តូរកម្ពុជាតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ែ៕