(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅថ្នាក់ដឹកនាំពន្ធនាគារ សហការជាមួយក្រសួងយុត្ដិធម៌ និងស្ថាប័នពាក់ព័ន្ធពិនិត្យ និងពិចារណាសាកល្បង ដាក់អ្នកប្រព្រឹត្តល្មើសដែលច្បាប់កំណត់ឲ្យជាប់ទោសស្រាល ត្រូវអប់រំនៅក្នុងសហគមន៍ ជំនួសការយកមកឃុំ នៅមណ្ឌលអប់រំកែប្រែ ឬក្នុងពន្ធនាគារ។
ការស្នើរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចមើលឃើញថា ស្ថានភាពក្នុងពន្ធនាគារនៅតែមានភាពចង្អៀតណែន បើទោះបីរដ្ឋខំប្រឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារក៏ដោយនោះ។ ហេតុផលមួយទៀត ដើម្បីកាត់បន្ថយការចំណាយរបស់ស្ថាប័ន ចំពោះអ្នកដែលត្រូវឃុំឃាំង។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទោសល្មមៗទុកនៅសហគមន៍ ឲ្យសហគមន៍ជួយអប់រំដើម្បីកែប្រែ ប៉ុន្ដែសួរថាតើយើងធ្វើបាន ឬមិនបាន? ចឹងទេខ្ញុំសូមស្នើថាឯកឧត្តម ប៉ាវ ហមផាន ក៏ដូចជាសហការីនាំគ្នាសិក្សាបញ្ហានេះ ហើយសហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធដ៏ទៃទៀត ដើម្បីយើងសាកល្បង យើងកុំអាលបើកទូលាយទូទាំងប្រទេសគួរតែសាកមួយកន្លែង ពីរកន្លែង ឬបីកន្លែង ដើម្បីពិសោធន៍សិនរួចហើយបូកសរុប ហើយទើបពង្រីកទូទាំងប្រទេស ប្រសិនបើឃើញថាល្អយើងគួរអនុវត្ត»។
បើតាមសម្ដេច ស ខេង មុននឹងដាក់អ្នកជាប់ទោសស្រាលឲ្យអប់រំនៅតាមសហគមន៍ កត្កាដែលចាំបាច់បំផុតត្រូវអប់រំពលរដ្ឋមូលដ្ឋានជាមុនសិន ព្រោះថាពលរដ្ឋតែងតែមានការខឹងសម្បានឹងជនល្មើស ហើយពេលខ្លះរហូតដល់វាយជនល្មើសបណ្ដាលឲ្យសម្លាប់ទៀតផង ដូច្នេះត្រូវអប់រំពួកគាត់ ឲ្យកាន់តែមានការយល់ និងអត្ថប្រយោជន៍នៃការដាក់ជនល្មើសឲ្យអប់រំនៅមូលដ្ឋានយ៉ាងដូច្នេះ ព្រោះថាប្រទេសមួយចំនួន នៅលើពិភពគេអនុវត្តបែបនេះ។
សម្ដេចបានបញ្ជាក់ទៀតថា ការឃុំខ្លួនអ្នកប្រព្រឹត្តល្មើសនៅក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ មិនមែនមានគោលបំណងរក្សាសន្ដិសុខ សណ្ដាប់សង្គម តែមួយមុខនោះទេ ពោលគឺដើម្បីអប់រំកែប្រែអត្តចរិកជនប្រព្រឹត្តល្មើសនោះ ឲ្យប្រព្រឹត្តទង្វើដែលស្របច្បាប់ឡើងវិញ ដូច្នេះបើជននោះមានទោសស្រាល ត្រូវអប់រំនៅមូលដ្ឋានតែម្ដង។
សូមជម្រាបថា ការកើនឡើងនៃជនជាប់ឃុំ ធ្វើឲ្យស្ថានភាពផ្ទុកនៅតាមពន្ធនាគារប្រឈមនឹងភាពចង្អៀនណែន បណ្ដាលឲ្យការរៀបចំឃុំឃាំងតាមច្បាប់ នីតិវិធី និងការឃុំឃាំងដោយឡែកសម្រាប់បទល្មើសគ្រឿងញផន ពុំអាចដំណើរការទៅបានល្អ ធ្វើឲ្យមានហានិភ័យខ្ពស់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់អនាម័យសុខភាព និងការបង្ហារជំងឺឆ្លង ព្រមទាំងមិនអំណោយផលដល់ការងារអប់រំកែប្រែ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំ។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញថា ចំនួនជនជាប់ឃុំប្រចាំឆ្នាំ២០១៧ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧) មាន ២៨,៤១៤នាក់ ក្នុងនោះស្រី ២,៤៤៣នាក់ និងចែកជាប្រភេទ៖ ជនត្រូវចោទ ចំនួន៦,៧៦៣នាក់ (ស្រី ៦៥៦នាក់), ជនជាប់ចោទ ចំនួន៣,៤៤១នាក់ (ស្រី ៣៣២នាក់), ពិរុទ្ធជន ចំនួន១១,០៣៨នាក់ (ស្រី ៩៩០នាក់), ទណ្ឌិត ចំនួន៧,១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១,១៤៨នាក់ (ស្រី ២៧១នាក់), អនីតិជន ចំនួន១,៥៥៥នាក់ (ស្រី៩៨នាក់), ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)៕