(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និង មូលនិធិ Cambodia International Education Support Foundation (CIESF) នឹងរៀបចំបណ្ដុះបណ្ដាលគ្រូបង្គោល វិស្វករ IT ដោយមិនគិតថ្លៃ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ។
វគ្គបណ្ដុះបណ្ដាលនេះ មានឈ្មោះថា Fundamental IT Engineer Examination (FE) ដែលជាកម្មវិធីកំរិត២ នៅក្នុងកម្មវិធីត្រៀមប្រលងសញ្ញាបត្រវិស្វករ ITEE។ អ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែបានត្រៀមលក្ខណៈ ដើម្បីប្រលងសញ្ញាបត្រវិស្វករ ITEE ប៉ុណ្ណោះទេ ថែមទាំងក្លាយជាគ្រូបង្គោលផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះ បង្រៀនដោយសាស្ត្រាចារ្យជំនាញជនជាតិជប៉ុន។
ITEE (Information Technology Engineers Examination) គឺជាកម្មវិធីប្រឡងយកសញ្ញាបត្រវិស្វករ IT ថ្នាក់ជាតិដ៏ធំបំផុតមួយក្នុងប្រទេសជប៉ុន ដែលគ្រប់គ្រងដោយទីភ្នាក់ងារ លើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន (IPA- Information-Technology Promotion Agency)។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ «ការបណ្តុះបណ្តាលគ្រូបង្គោល» ដើម្បីអភិវឌ្ឍវិស្វករ IT ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលជប៉ុន។
ជាពិសេសក្រុមហ៊ុនឯកជន របស់ជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា កំពុងស្វែងរកបុគ្គលិកដែលទទួលមាន វិញ្ញាបន បត្រ ITEE ។ ដើម្បីក្លាយទៅជាគ្រូបង្គោលមុខវិជ្ជានេះ បេក្ខជនត្រូវមានចំណេះដឹងជាមូលដ្ឋានអំពីជំនាញព័ត៌មានវិទ្យា និងបទពិសោធន៍គ្រប់គ្រាន់ មានឆន្ទៈខ្ពស់ក្នុងការក្លាយជាគ្រូបង្គោល ដើម្បីចែករំលែកចំណេះដឹងដល់ មិត្តរួមការងារនៅក្នុងក្រសួង/ស្ថាប័នរបស់ខ្លួន។ ព័ត៌មានលំអិត និងចុះឈ្មោះ https://goo.gl/RgpTF3, ផុតកំណត់ថ្ងៃ១៥ ខែមិនា ឆ្នាំ២០១៨៕