(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងសហការី តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន៤១,២៧៧,០០០លានរៀល ទៅជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ហេង វិបុល ដែលបានទទួលមរណភាព ដោយសាររោគគារពាធ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសជូនចំពោះគ្រួសារសព លោកវរសេនីយ៍ត្រី ហេង វិបុល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគគាពាធ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា។
សូមជម្រាបថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ នាយឧត្តមសេនីយ៍ សៅ សុខា និងក្រោមការយកចិត្តទុកដាក់ផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលលោកទាំងពីរ តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូនកងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាក៕