(ភ្នំពេញ)៖ វេទិកាការងារ និងការជ្រើសរើសកម្លាំងពលកម្ម គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យយល់ដឹងពីវិធីសាស្ត្រ និងដំណាក់កាលនៃការស្វែងរកការងារធ្វើ ក៏ដូចជាឱកាសការងារដែលកំពុងតែមាននាពេលបច្ចុប្បន្ន។វេទិកានេះ គឺជាវិធីសាស្ត្រដ៏សំខាន់ សម្រាប់ជួយផ្តល់ការណែនាំមួយដ៏ល្អក្នុងការផ្តល់ព័ត៌មានអំពីឱកាសការងារ ព័ត៌មានពីទីផ្សារងារការងារ និងពីតម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម ដល់អ្នកស្វែងរកការងារធ្វើ ឲ្យឆាប់ទទួលបានការងារធ្វើ។
ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ពិសេសដើម្បីជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ និងអជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករមាសហែក និងមានការចូលរួមពីរោងចក្រ សាន់ហ្វេង ខេនបូឌា លីមីតធីត បានរៀបចំវេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មនៅសាលាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ៣០៩នាក់ និងមានអ្នកចូលរួមស្វែងរកការងារធ្វើចំនួន២៩៩ (នាក់ស្រី១៤៣នាក់) ។
លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ មានបញ្ជាក់ថា យន្តការនៃការផ្សព្វផ្សាយពីឱកាសការងារដល់ប្រជាពលរដ្ឋ នូវមូលដ្ឋាននេះ គឺជាផ្នែកមួយនៃការចូលរួមជំរុញឲ្យប្រជាពលរដ្ឋ បានដឹងពីទីផ្សារការងារនាពេលបច្ចុប្បន្ន។ លោកបន្ថែមថាជារៀងរាល់ខែ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ដែលជាស្ថាប័នរបស់រដ្ឋ តែងតែចូលរួមធ្វើសកម្មភាពនានាទាក់ទងនឹងវិស័យការងារ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះស្វែងរកការងារធ្វើ នៅក្នុងស្រុកជៀសវាង ការធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើ នៅក្រៅប្រទេស។
ប្រធានមជ្ឈមណ្ឌលការងារស្វាយរៀងដដែល បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នមានមានក្រុមហ៊ុនឧស្សាហកម្មជាច្រើន កំពុងតែមានវត្តមាននៅលើទឹកដីនៃខេត្តស្វាយរៀងរួចជាស្រេច ហើយនិងមានក្រុមហ៊ុនបរទេសជាច្រើនទៀត កំពុងតែបន្តបង្កើតនៅខេត្តនេះ ដោយសារតែកំណើនក្រុមហ៊ុនមានការកើនឡើង ដូច្នេះតម្រូវការកម្លាំងពលកម្ម ក៏កំពុងតែមានសន្ទុះកើនឡើងផងដែរ ទាំងក្រុមហ៊ុនចាស់ៗនិងក្រុមហ៊ុនទើបបង្កើតថ្មី។ ដូច្នេះមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកមជ្ឈមណ្ឌលការងារ ឲ្យជួយផ្សព្វផ្សាយពីឱកាសការងារ នៅក្រុមហ៊ុនរបស់ពួកគេ។ ទាំងនេះ លោកពុទ្ធិយល់ឃើញថា ឱកាសការងារនៅខេត្តស្វាយរៀងមានមិនតិចនោះទេ ហើយក៏មិនចាំបាច់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ចំណាកស្រុកទៅរកការងារធ្វើនោះដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារដែលមានមជ្ឈមណ្ឌលការងារទាំង១១ នៅតាមបណ្តាខេត្តជាសេនាធិការ បានរៀបចំវេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្ម នៅតាមតំបន់ផ្សេងៗបានចំនួន៦៩លើក នឹងមានអ្នកចូលរួម ចុះឈ្មោះស្វែងរកការងារចំនួន១០,៥៦៥នាក់៕