(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានរំឭកឲ្យមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ការរំឭកយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលធ្លាប់រអ៊ូរទាំកន្លងមករឿងផ្លូវពិបាក ក្នុងការធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន ដើម្បីប្រកបរបរទទួលទានចិញ្ចឹមជីវិត ពោលផ្លូវមានស្ថានភាពជង្ហុកតូចធំច្រើន កើតមានជាសំបុកមាន់ ស្ថិតនៅក្នុងក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ពួកគាត់មានការភ្ញាក់ផ្អើល និងសប្បាយចិត្តសារទរជាថ្មីឡើងវិញ បន្ទាប់ពីបានឃើញវត្តមានលោក ជា ពិសី អមដំណើរដោយចៅសង្កាត់រង មេភូមិ រួមនិងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ ក្រុមយុវជន ស.ស.យ.ក និងយុវជន អ.ម.ត ខណ្ឌ-សង្កាត់ ជាច្រើននាក់ បាននាំយករថយន្ដក្រឡុកស៊ីម៉ង់ត៍ មកចាក់ក្រាលជាបេតុងដើម្បីស្ថាបនាតាមសំណូមពរជូនពួកគាត់ ដោយគ្មានលក្ខខណ្ឌ។
លោក ជា ពិសី បានថ្លែងថា ក្នុងនាមអាជ្ញាធរ ទាំងសង្កាត់-ភូមិ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដូចជា បញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» និងដើម្បីទីក្រុងស្អាតមានអនាម័យបរិស្ថានល្អ ធ្វើឲ្យការរស់នៅរបស់យើងគ្រប់គ្នា ប្រកបដោយផាសុខភាពល្អ ជាពិសេសថែមទាំងបានជួយលើកស្ទួយ កិត្តិយសប្រទេសជាតិ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ ដើម្បីទទួលបានជោគជ័យក្នុងវិស័មួយនេះ ពោល ចាំបាច់ណាស់ គឺផ្ដើមចេញពីយើងទាំងអស់គ្នា។
លោក ជា ពិសី បានថ្លែងទៀតថា ការចាក់ក្រាលជាបេតុងធ្វើផ្លូវ និងលប់បំបាត់ជង្ហុគតូចធំ ជាសំបុកមាន់ គឺត្រូវបានដោះស្រាយធ្វើឡើងភ្លាមៗ ក្រោយពីទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ បើទោះបីជាកញ្ចប់ថវិកាខណ្ឌ មិនមានក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការនៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ចាំបាច់ត្រូវតែធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន៕