(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ កន្លងទៅនេះ នៅកម្ពុជា មានអ្នកទោសចំនួន ២២នាក់ បានរត់ចេញពីពន្ធនាគារនៅទូទាំងប្រទេស ក្នុងនោះ មានក៏មានអ្នកទោស ចំនួន៥នាក់ ផងដែរត្រូវបានចាប់ត្រឡប់មកវិញ និង១៧នាក់ទៀត កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន។ នេះបើយោងតាមរបាយការណ៍ បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ។
របាយការណ៍បានឲ្យដឹងថា «មានជនជាប់ឃុំឃាំងរត់រួចដោយសកម្មភាពផ្សេងៗចំនួន ១១លើក លើ១០ពន្ធនាគារ ចំនួន២២នាក់ មានខេត្តរតនគិរីចំនួន ២លើក ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ស្ពឺ ព្រៃវែង កំពត ឧត្តរមានជ័យ និងមណ្ឌលអប់រំកែប្រែទី២។ អាជ្ញាធរមានសម្ថកិច្ច តាមចាប់បានមកវិញចំនួន ៥នាក់ និងបាននឹងកំពុងស្រាវជ្រាវតាមចាប់មកវិញចំនួន ១៧នាក់»។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ការរត់រួចខាងលើត្រូវបានចុះអង្កេតស្រាវជ្រាវគ្រប់ករណីទាំងអស់ ហើយតាមរយៈការអង្កេតនេះ បានរកឃើញថា បណ្តាលមកពីភាពធ្វេសប្រហែសតាមការបញ្ចេញឲ្យធ្វើពលកម្មខាងក្រៅ និងនៅមន្ទីរពេទ្យខាងក្រៅ។
បើតាមរបាយការណ៍ បានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីការអង្កេតស្រាវជ្រាវ អគ្គនាយកដ្ឋានពន្ធនាគារ បានពង្រឹងអំពីការគ្រប់គ្រងជនជាប់ឃុំ កិច្ចការពារសន្តិសុខ សុវត្ថិភាព នៅពេលចេញធ្វើពលកម្មខាងក្រៅ និងនៅមន្ទីរពេទ្យខាងក្រៅ៕