(ភ្នំពេញ)៖ របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញឲ្យដឹងថា នៅឆ្នាំ២០១៧ កន្លងទៅនេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារទូទាំងប្រទេស ចំនួន១០០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានស្ត្រីចំនួន៥នាក់ ផងដែរ។
ក្នុងរបាយការណ៍ដដែល បានឲ្យដឹងថា ជនជាប់ឃុំឃាំងទាំង១០០នាក់នោះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ក្នុងនោះមានករណីស្លាប់ នៅមន្ទីរពេទ្យក្រៅចំនួន៨៥នាក់ ស្លាប់នៅក្នុងពន្ធនាគារចំនួន១៤នាក់ និងនៅបន្ទប់ឃុំឃាំង២នាក់។ អ្នកស្លាប់ភាគច្រើន កើតឡើងដោយសារជំងឺប្រចាំកាយ និងជំងឺដែលទទួលផលប៉ះពាល់ពីថ្នាំញៀន។
បើតាម លោក ចាន់ គីមសេង អគ្គនាយកពន្ធនាគារ, ចំនួនជនជាប់ឃុំប្រចាំឆ្នាំ២០១៧ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧) មាន ២៨,៤១៤នាក់ ក្នុងនោះស្រី ២,៤៤៣នាក់ និងចែកជាប្រភេទ៖* ជនត្រូវចោទ ចំនួន៦,៧៦៣នាក់ (ស្រី ៦៥៦នាក់) * ជនជាប់ចោទ ចំនួន៣,៤៤១នាក់ (ស្រី ៣៣២នាក់) * ពិរុទ្ធជន ចំនួន១១,០៣៨នាក់ (ស្រី ៩៩០នាក់) * ទណ្ឌិត ចំនួន៧,១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១,១៤៨នាក់ (ស្រី ២៧១នាក់), អនីតិជន ចំនួន១,៥៥៥នាក់ (ស្រី៩៨នាក់), ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)៕