(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន តំណាងទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកំណែទម្រង់ទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមក។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ។
លោក អ៊ាង សុផល្លែត បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងជំនួបនេះ លោកស្រី ក្លែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមចំណែក ក្នុងកិច្ចការរក្សាសន្តិភាព ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានទទួលជោគជ័យជាវិជ្ជមាន ក្នុងការអនុវត្តតាមគោលដៅ សហសវត្សរ៍ នោះគឺកម្ពុជាបានបញ្ចប់មុនពេលវេលា នូវការអនុវត្តតាមគោលដៅ សហសវត្សរ៍នោះ។
លោកស្រី ក្លែរ វ៉ាន់ឌី វ៉ារ៉ែន បានគោរពវាយតម្លៃខ្ពស់ផងដែរ ចំពោះកំណែទម្រង់ទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមក ដែលនោះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា។ លោកស្រី បានសម្តែងនូវការគាំទ្រសម្រាប់កម្ពុជា ក្នុងការជំរុញ ការអភិវឌ្ឍនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រីក៏បានជម្រាបជូនសម្តេចតេជោថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងពង្រឹងភាពជាដៃគូ ជាមួយនឹងកម្ពុជាជាបន្តទៅទៀត។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បានជម្រាបរាយការណ៍ជូន សម្តេចតេជោ អំពីវឌ្ឍនភាព របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៧កន្លងទៅ នោះគឺការចូលរួមចំណែក លើវិស័យអភិវឌ្ឍន៍ជនជាតិមនុស្ស វិស័យបរិស្ថាន និងវិស័យកសិកម្ម ក៏ដូចជាក្នុងវិស័យដោះមីនផងដែរ។ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម អង្គការសហប្រជាជាតិ បានរួមចំណែកជាមួយនឹងកម្ពុជាយើង ក្នុងវិស័យអប់រំ វិស័យសុខភាព ជាពិសេសបញ្ហាគ្រុនចាញ់ និងការលុបបំបាត់ជំងឺអេដស៍។
ពីនោះទៅទៀត អង្គការសហប្រជាជាតិ បានចូលរួមចំណែកនៅក្នុងអភិបាលកិច្ចល្អផងដែរ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ទាំងឡាយ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចូលរួមចំណែក ក្នុងការជួយដល់ជនជាតិភាគតិច ជាពិសេសក្នុងការផ្តល់កម្មសិទ្ធិដីធ្លី ជូនដល់ជនជាតិភាគតិច។ ជាមួយគ្នានោះ កិច្ចប្រជុំទាំងមូល ក៏បានយកចិត្តទុកដាក់ និងពិភាក្សាគ្នា យ៉ាងផុលផុស លើប្រធានបទចំនួន៣, ប្រធានបទទី១.គឺបញ្ហាការរៀបចំគោលដៅ ការអភិវឌ្ឍដោយចីរភាព ដែលក្នុងនោះ លោក ឆាយ ថន បានជម្រាបជូនអង្គប្រជុំទាំងមូលថា ឯកសារនេះបានឆ្លងកិច្ចប្រជុំ៤ដងរួចមកហើយ ហើយឯកសារនេះ នឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័ត ក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ។ អង្គប្រជុំក៏បានពិភាក្សាទៅលើបញ្ហាយុវជន ការបណ្តុះបណ្តាល និងការងារ និងបញ្ហាការគាំពារសង្គមផងដែរ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសនេះ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក របស់អង្គការសហប្រជាជាតិ ស្របទៅតាមវឌ្ឍនៈភាព ដែលលោកស្រី ក្លែរ បានជម្រាបជូនសម្តេច ពាក់ព័ន្ធនឹងការងារឆ្នាំ២០១៧កន្លងទៅ៕