(ភ្នំពេញ)៖ «កុលាបក្រហមដងទន្លេមេគង្គ» ដែលជាស្នាដៃនិពន្ធរបស់ លោក ហួត សម្បត្តិ ក្រោមការជួយឧបត្ថម្ភស្រាវជ្រាវ និងបោះពុម្ពជាសៀវភៅផ្សាយជាភាសាខ្មែរ ដោយលោកជំទាវឧកញ៉ា លឹម ឈីវហូ ចំនួន៣លើករួចមកហើយនោះ។ បច្ចុប្បន្នសៀវភៅនេះ កំពុងតែបកប្រែ និងដំណើរការបោះពុម្ពជាភាសាចិន ដើម្បីចែកចាយអោយកាន់តែទូលំទូលាយបន្ថែមទៀត។
លោក ហួត សម្បត្តិ ម្ចាស់ស្នាដៃនិពន្ធបានឲ្យដឹងថា សៀវនេះជាសៀវភៅនិយាយពី ប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបោះពុម្ព ចំនួន២៥,០០០ក្បាល ជាភាសាខ្មែរដោយការបោះពុម្ពនេះត្រូវបានចែកចេញជា៣លើក។ លើកទី១ និងលើកទី៣ លោកទទួលបានជំនួយឧបត្ថម្ភលើថ្លៃបោះពុម្ព ពីលោកជំទាវឧកញ៉ា លឹម ឈីវហូ និងសម្ពោធចែក ផ្សាយនៅឆ្នំា២០១៤។ ចំណែកការបោះពុម្ពលើកទី២ លោកទទួលបានជំនួយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់។ ក្នុងនោះការបោះពុម្ពលើកទី៣ ជាការបោះពុម្ពដែលទទួលស្គាល់ ក្នុងកម្រិតថ្នាក់ជាតិ។
សៀវភៅរៀបរាប់ពីប្រវត្តិរបស់ សម្ដេចកក្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែបែរជាដាក់ចំណងជើង «កុលាបក្រហមដងទន្លេមេគង្គ» ទៅវិញ ដែលបានធ្វើអោយអ្នកអានខ្លះមានចម្ងល់នោះត្រូវបាន លោក ហួត សម្បត្តិ បង្ហើបអោយដឹងថា ដោយសារតែសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ចាប់កំណើត និងធំដឹងក្ដីឡើងនៅលើដីដ៏មានជីវជាតិនាដងទន្លេមេគង្គ ដែលជាទន្លេដ៏ល្បីល្បាញមួយលាតសន្ធឹងតាំងពីតំបន់ទីបេ ប្រទេសចិន ហូរកាត់ជាច្រើនប្រទេសរហូតធ្លាក់ទៅសមុទ្រ ដោយក្នុងនោះរួមទាំងហូរកាត់ប្រទេសកម្ពុជាផងដែរ ដោយទន្លេនេះ ជាប្រភព ផ្ដល់នូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ចិញ្ចឹមជីវិតមនុស្ស សត្វ និងរុក្ខជាតិរហូតមក។
ម្ចាស់ស្នាដៃនិពន្ធបានរំលឹកថា ការស្រាវជ្រាវ និងប្រមូលព័ត៌មានជារឿងលំបាកមួយហើយ ការតែងនិពន្ធក៏ត្រូវចំណាយពេលយូរ ដើម្បីបង្កើតឃ្លាប្រយោគឲ្យមានការទាក់ទាញ ចំពោះអ្នកអាន ការត្រួតពិនិត្យអក្ខរាវិរុទ្ធសុទ្ធសឹង ជារឿងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវរៀបចំអោយទៅជាសៀវភៅបោះពុម្ព ចេញដោយម៉ាស៊ីនខ្នាតតូច ដើម្បីចែកជូនទៅគ្រប់ស្ថាប័នពាក់ព័ន្ធវាយតម្លៃតាមជំនាញ តែទោះជាយ៉ាងណាលោកសប្បាយចិត្ត ព្រោះជាលទ្ធផលសៀវភៅនេះ ត្រូវបានទទួលស្គាល់ក្នុងកម្រិតថ្នាក់ជាតិ។
ក្នុងនោះលោកក៏សូមថ្លែងអំណរគុណ ជាថ្មីដល់ក្រុមការងារ ផ្ទាល់ដែលមានលោកជំទាវឧកញ៉ា លឹម ឈីវហូ, លោកតាំង កក់, លោកជា មុនីឬទ្ធិ លោក ទុំប៉ែន វិរៈវិទូ ដែលខិតខំអស់ពីកម្លាំង កាយចិត្តជ្រោមជ្រែងលើការបោះពុម្ព ជាភាសាខ្មែររហូតដល់ការបោះពុម្ពជាភាសាចិននៅពេលនេះ។
ការបោះពុម្ពជាភាសាចិននេះ លោកមានលទ្ធភាពបោះពុម្ពបានចំនួន៥,០០០ក្បាល ជាលើកទី១ ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីក្រុមហ៊ុន LIXIN GROUP តែក្រោយពី ការបោះពុម្ពនេះ ក៏មានចំណាប់អារម្មណ៌ចំពោះសៀវភៅនេះ ពីរោងពុម្ព Jiangxi People’s Publishing House in China កំពុងចរចា សុំសិទ្ធិក្នុងការបោះពុម្ពផ្សព្វផ្សាយនៅប្រទេសចិនផងដែរ។ ប៉ុន្តែកំពុងស្ថិតនៅក្នុងការចរចានៅឡើយ ហើយប្រសិនបើការចរចាទទួលបានជោគជ័យ ចំនួនបោះពុម្ពប្រហែលជាច្រើន ព្រោះតម្រូវការអានជាភាសាចិន គឺមានចំនួនច្រើនលើសលប់ដោយសារតែ អ្នកចេះភាសាចិនមានចំនួនជាង១,០០០លាននាក់។
អ្នកនិពន្ធបានបញ្ចេញចំណាប់អារម្មណ៏ថា បើស្នាដៃនិពន្ធរបស់លោកនេះ បានផ្ដល់សិទ្ធិទៅអោយក្រុមហ៊ុន នៅប្រទេសចិនបោះពុម្ព ចែកចាយមែននោះ កេរ្ដ៏ឈ្មោះ និងកិត្តិយសរបស់ថ្នាក់ដឹកនាំប្រទេស ដែលជាស្ត្រីខ្មែរមួយរូបនឹងល្បីល្បាញ នៅលើឆាកអន្តរជាតិជាមិនខាន៕