(ភ្នំពេញ)៖ មន្រ្តីអន្តរក្រសួងបើកកិច្ចប្រជុំពិភាក្សាគ្នាអំពីដីការពារជាតិ មន្រ្តីអន្តរក្រសួង ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោពលខេមរភូមិន្ទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំមួយពិភាក្សាគ្នាលើការគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិសម្រាប់វិស័យការពារជាតិ ខណៈដីការពារជាតិ នាពេលបច្ចុប្បន្នមានចំនួនជាងប្រាំម៉ឺនហិកតាស្មើរនឹង៨៩ទីតាំង។
កិច្ចប្រជុំនេះមានមន្រ្តីមកពីក្រសួងពាក់ព័ន្ធដូចជា៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្មធនធានរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងស្ថាប័នកងទ័ព កិច្ចប្រជុំនេះធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើង អំពីប្រវត្តិដីធ្លី និងព្រៃឈើរបស់រដ្ឋចាប់តាំងពីទស្សន៍វត្ស ឆ្នាំ១៩៦០មក តែដោយសារប្រទេសកម្ពុជា មានសង្រ្គាម ផ្ទៃក្នុងរាំរ៉ៃ ធ្វើឲ្យបាត់បងនៅការគ្រប់គ្រងដីធ្លីរព្រៃឈើរបស់រដ្ឋដែលបណ្តាល ឲ្យពួកឈ្មួញទុច្ចរិតកាប់ទន្រ្ទានបំផ្លាញធនធានធម្មជាតិ និងក្រុមហ៊ុនឯកជន ឬប្រជាពលរដ្ឋចេះតែទន្ទ្រានកាន់កាប់ដី របស់ជារៀងរហូតមក ដូច្នេះ គោលបំណងរបស់ក្រសួងបរិស្ថានដែលយកមកពិភាក្សានៅពេលនេះ គឺចង់ដឹងច្បាស់លាស់អំពីចំនួនដីធ្លីរសម្រាប់ការពារជាតិមូលដ្ឋានរបស់កងទ័ព ច្បាស់លាស់ ដើម្បីបង្កើតក្រុមការងារចម្រុះមួយដើម្បីត្រួតពិនិត្យចុះបញ្ជីរសារពើភ័ណ្ឌដីធ្លីរព្រៃឈើរបស់រដ្ឋដើម្បីងាយស្រួលគ្រប់គ្រងជាក់លាក់។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឯកភាពនូវការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំក្រុមការងារចម្រុះ ដើម្បីធ្វើកិច្ចការងារនេះហើយក្រុមចម្រុះនេះ នឹងរៀបចំនូវសមាសភាពសហការពាក់ព័ន្ធមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ធនធានរ៉ែ និងថាមពល, ក្រសួងរៀប ចំដែនដីនគរូបនីយកម្ម, ក្រសួងមហាផ្ទៃ និងស្ថាប័នកងទ័ព ហើយកងទ័ពមានភារកិច្ច ជាអ្នកការពារតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ក្រុមការងារត្រូវពិនិត្យពិច័យ ឲ្យបានម៉ត់ចត់ក្នុងការវាស់វាងដីធ្លីរ ព្រៃឈើរបស់រដ្ឋបែងចែក ឲ្យបានច្បាស់លាស់លើផ្នែកដីសម្បទានរបស់រដ្ឋ ដីកសិកម្ម ដីធនធានរ៉ែ ដែលជាទ្យព្រសម្បត្តិរបស់រដ្ឋ។ នាយឧត្តមសេនីយ៍ក៏បានធ្វើការសំណូមពរ ដល់ក្រសួងបរិស្ថានជួពិនិត្យដោះស្រាយ នៅទីតាំងហ្វឹកហ្វឺនរបស់កងទ័ពបន្ថែមនៅតំបន់ស្រុកជុំគិរី ខេត្តកំពត នៅយោធភូមិភាគទី១ និងយោធភូមិភាគទី២។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមថា កម្លាំងមន្រ្តីបរស្ថាន និងកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវសហការគ្នាឲ្យបានល្អដើម្បីការពារ ធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕