(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ជូនជនពិការជាអតីតយុទ្ធជន និងចែកអំណោយដល់ជនក្រីក្រ៣០គ្រួសារ នៅភូមិរកាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ខេត្ត, លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង និងប្រតិភូអមដំណើរជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានឲ្យដឹងថា នេះជាផ្ទះទី៦៧ហើយ ដែលសមាគមយើងបានកសាង និងបានប្រគល់ជូនម្ចាស់ផ្ទះចូលនៅជាផ្លូវការ បន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើង ដែលមានថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក រួចមក។
លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានបញ្ជាក់ថា ក្នុងនាម ស.អ.ក ខេត្ត សូមថ្លែងអំណរគុណ និងដឹងគុណដល់អតីតយុទ្ធជនកម្ពុជា ដែលបានពលី ពិការ ក្នុងបុព្វហេតុជាតិមាតុភូមិ ជាក់ស្តែងបានបន្សល់ទុកនូវ ជនពិការដោយសារសង្រ្គាម អតីតយុទ្ធជនចូលនិវត្តន៍ មានភាពក្រីក្រជាដើម ទើបសមាគមយើងបានចុះធ្វើសកម្មរបស់ខ្លួន ចុះសួរសុខទុក្ខគ្រប់ទីកន្លែង ព្រមទាំងនាំអំណោយយកទៅចែកជូន និងធ្វើផ្ទះជូនពួកគាត់ជាបន្តបន្ទាប់ទៀតផង។
លោកឧត្តមសេនីយ៍ បានបន្តថា ថ្ងៃនេះសមាគមយើងបានដឹកនាំដោយលោកអភិបាលខេត្ត ចុះសួរសុខទុក្ខ និងបានប្រគល់ផ្ទះ១ខ្នង ធ្វើអំពីថ្មលាយឈើទំហំ ៤គុណ និង៦ ជូនអតីតយុទ្ធជនមានឈ្មោះ ពេជ្រ សុវណ្ណ មានប្រពន្ធ និងកូន៤នាក់ មានអំណោយអង្ករ១០០គីឡូក្រាម ថវិកា២០ម៉ឺនរៀល សម្ភារប្រើប្រាស់ក្នុងផ្ទះ១កំប្លេរផង និងចែកអំណោយដល់ជនក្រីក្រ មកបណ្តាឃុំផ្សេងៗ ក្នុងសង្កែចំនួន៣០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម សារ៉ុង១។
ក្នុងឱកាសនោះដែរលោក ងួន រតនៈ បានសំណេះសំណាលដល់ជនក្រីក្រទាំង៣០គ្រួសារ និងម្ចាស់ផ្ទះថ្មីដែលត្រូវបានសមាគមប្រគល់ផ្ទះជូននាពេលនេះ។ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការផ្តួចផ្តើម និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ជាតិ រួចមក ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្តបាន និងកំពុងធ្វើការនេះដោយយកចិត្តទុកដាក់នៅគ្រប់ទីកន្លែង នៅតាមមូលដ្ឋាន ពិសេសសំដៅលើអតីតយុទ្ធជនយើង និងជនក្រីក្រផង។
លោកអភិបាលខេត្តបានបន្តថា ដោយសារសង្រ្គាមនេះហើយ ដែលធ្វើឲ្យកម្លាំងកងទ័ព ដែលបានធ្លាក់ខ្លួនពិការ ខ្លះក៏បានពលីបាត់បង់ជីវិត ជាច្រើននាក់ ហើយជាបន្ទុករបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវនាំគ្នាបន្តធ្វើកិច្ចការនេះជាបន្តទៀតឲ្យបានសម្រេច ក្នុងបេសកកម្មនេះបន្ថែមទៀត។ ប្រទេសកម្ពុជាយើងទាំងអស់គ្នាបានជួបនូវសង្រ្គាមដ៏ជូរចត់ជាច្រើនទស្សវត្សរ៍មក ហើយយើងក៏នាំគ្នាទប់ស្កាត់មិនឲ្យមានសង្រ្គាមកើតឡើងនៅកម្ពុជា បន្តទៀតបានឡើយ គឺនាំគ្នារក្សាសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិតឲ្យកាន់តែរីកចម្រើនតទៅ។
បន្ទាប់ពីសំណេះសំណាលចប់គណអធិបតី បានប្រគល់កូនសោរផ្ទះជានិមិត្តរូបជូនម្ចាស់ផ្ទះ ក្នុងនោះលោកអភិបាលខេត្ត បានជូនថវិកាចំនួន១០០ដុល្លារ សម្រាប់ឡើងផ្ទះថ្មី និងចែកអំណោយដល់ជនក្រីក្រមកពីបណ្តាភូមិឃុំផ្សេងៗ ក្នុងសង្កែ ដោយក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម និងសារ៉ុង១ផងដែរ៕