(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានស្នើយ៉ាងឲ្យពុទ្ធបរិស័ទរួមគ្នាថែរក្សាសុខសន្តិភាព ដែលកសាងតាំងពីបាតដៃទទេយ៉ាងលំបាកលំបិន ក្នុងរយះកាល៣៩ ឆ្នាំមកនេះនិងរួមគ្នារក្សាការពារនូវសមិទ្ធផលនានា ដែលជាញើសឈាមរបស់ប្រជាពលរដ្ឋឲ្យនៅគង់វង្សយូរអង្វែង ដាច់ខាចមិនឲ្យក្រុមអគតិណាមួយមកបំផ្លាញបានឡើយ។ លោករដ្ឋមន្ព្រីបានបញ្ជាក់ច្បាស់ថា ពេលស្រុកមានសន្តិភាពគឺប្រជាជនជាអ្នកឈ្នះផ្ទុយទៅវិញ បើស្រុកកើតសង្គ្រាម គឺប្រជាជនជាអ្នកចាញ់ ប្រជាពលរដ្ឋយើងនឹងបាត់បង់អ្វីៗទាំងអស់ដែលយើងបានខិតខំកសាងរួមគ្នាពីបាតដៃទទេមកនេះ។

លោករដ្ឋមន្ត្រីស្នើយ៉ាងដូច្នេះក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងពុទ្ធិសមិទ្ធផលនានានៅវត្តចុងដូង ស្ថិតក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីលើកឡើងថា ថ្វីដ្បិតព្រះពុទ្ធសាសនាលើពិភពលោកមានអាយុកាល ២៥៦១វស្សាហើយក្ដី ប៉ុន្តែព្រះពុទ្ធសាសនានៅកម្ពុជាបានស្លាប់ម្ដងមកហើយ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបព្រះពុទ្ធសាសនានៅកម្ពុជាមានជីវិតរស់រានឡើងវិញ ជាមួយនឹងការខិតខំស្វែងរកសន្តិភាព និងការកសាងសមិទ្ធផលនានា ដោយបាតដៃរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបច្ចុប្បន្ន និងជានាយករដ្ឋមន្ត្រីដ៏ឈ្លៀសវៃប៉ិនប្រសព្វ។

ដោយសារសន្តិភាព និងសមិទ្ធផលនានាទាំងនោះ រកបានដោយលំបាកយ៉ាងនេះហើយ ទើបលោករដ្ឋមន្ត្រី ថោង ខុន បានយកឱកាសនេះស្នើយ៉ាងទទូចដល់ពុទ្ធបរិស័ទ ត្រូវរួមគ្នាថែរក្សាការពារអ្វីទាំងអស់នោះឲ្យបានជាដាច់ខាច ហើយត្រូវប្រឆាំងរារាំងនូវរាល់សកម្មភាពដែលចង់បំផ្លាញសមិទ្ធផលទាំងនោះ ពិសេសចលនាបដិវត្តពណ៌ និងចលនាសង្គ្រោះជាតិរបស់អតីតបក្សប្រឆាំង ដែលកំពុងធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស។

លោកបានបន្តថា ប្រជាពលរដ្ឋ និងសាសនិកជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ប្រវត្តិសាស្ត្រ ដែលសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន បានកសាងឡើងក្នុងដំណើរលើផ្លូវដ៏វែងឆ្ងាយមួយ ដូចជាដំណើរទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ កាលពីឆ្នាំ១៩៧៧ និងការរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការចរចា ការតស៊ូការទូតលើផ្លូវដ៏វែងឆ្ងាយយ៉ាងលំបាកលំបិន ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ ដែលបាននាំមកនូវសន្តិភាព នយោបាយត្រីកោណ និងចតុកោណ នយោបាយអភិវឌ្ឍន៍ ការការពាររដ្ឋធម្មនុញ្ញ ការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត នយោជិក មន្ត្រីរាជការ ឲ្យមានជីវភាពរស់នៅរីកចម្រើនរហូតមកសព្វថ្ងៃនេះ។

លោកបានរំឭកថា កម្ពុជា បើគ្មានគណបក្សប្រជាជនកម្ពុជា គ្មានសម្តេចតេជោ ហ៊ុន សែន ទេគឺមិនអាចមានសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍបានឡើយ ។ អ្វីៗដែលគណបក្សប្រជាជននិងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខខិតខំប្រឹងប្រែងសព្វថ្ងៃនេះគីដើម្បីបុព្វហេតុ សន្តិភាព និងសុភមង្គលរបស់ប្រជាជន។ ៣៩ឆ្នាំមកនេះ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ពុទ្ធបរិសទ្ធ ចូលរួមគាំទ្របន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយ និងអាណត្តិបន្តបន្ទាប់ទៀត។

បើតាមលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា ក្នុងស្រុកបារាយណ៍បានវត្តអារាមចំនួន ៧២វត្ត និងអាស្រមចំនួន៦ ដែលមានព្រះសង្ឃចំនួន ៧៥៨អង្គ មានសាលាពុទ្ធិកសិក្សាចំនួន ២៧កន្លែង ដែលមានសមណសិស្សសរុបចំនួន ៣៧៣អង្គ។

សូមជម្រាបថា ពុទ្ធិសមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាសក្នុងវត្តចុងដូង នាព្រឹកនេះ បានចំណាយថវិកាកសាងអស់ចំនួន ៥២,១២៤ដុល្លារ ហើយក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាខាងលើ ក៏ទទួលបានការឧបត្ថម្ភបច្ច័យពីលោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រីចំនួន ១០លានរៀល និងលោក ហ៊ុន ហេង ទីប្រឹក្សាផ្ទាល់របស់សម្ដេតេជោ ហ៊ុន សែន ចំនួន ១លាន២សែនរៀលផងដែរ៕