(ភ្នំពេញ)៖ រថយន្ដធុនធ្ងន់ធំៗ ចំនួន៩គ្រឿងទៀតហើយត្រូវបានលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ចេញបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ ចាប់ឃាត់ត្រួតពិនិត្យភ្លាមៗ ជាបន្តបន្ទាប់តាមបទបញ្ជារបស់លោក ជា ពិសី អភិបាលខណ្ឌ ដើម្បីរកក្រែងមានដឹកលើសទម្ងន់ និងកែច្នៃតទ្រុងខុសបច្ចេកទេស តែរកពុំឃើញកំហុស និងមានឯកសារត្រឹមត្រូវផងដែរ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា ការចាប់ឃាត់រថយន្ដៗ ចំនួន៩គ្រឿងខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកកែងហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីត្រួតពិនិត្យរកការដឹកលើសទម្ងន់ និងកែច្នៃតទ្រុងខុសបច្ចេកទេស បណ្ដាលឲ្យរងការខូចខាតផ្លូវ-ស្ពាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង កសាងស្ថាបនា។
លោក ជា ពិសី បានថ្លែងថា បន្ទាប់ពីទទួលបានផែនការពីអភិបាលរាជធានីភ្នំពេញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នៃការកំណត់កាលបរិច្ឆេទពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០យប់ថ្ងៃទី១០ ខែកុម្ភៈ តទៅ ស្តីអំពីការទប់ស្កាត់ និងចាប់រថយន្តកែច្នៃតទ្រុង ដឹកលើសទម្ងន់កំណត់ខុសលក្ខណៈបច្ចេកទេស ជាពិសេសសម្ដេច បានព្រមានដកតំណែងអភិបាល រាជធានី-ខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបាន ចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។
លោក ជា ពិសី បានថ្លែងទៀតថា សម្ដេចនាយករដ្ឋមន្ត្រី បានស្នើឲ្យជនរួមជាតិចូលផ្ញើសារ (Comment) នៅលើទំព័រ Facebook របស់សម្តេច ពេលឃើញភាពអសកម្មចំពោះ ចំណាត់ការលើរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ ប្រសិនបើមានម្ចាស់ក្រុមហ៊ុនចង់តវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច នោះសម្តេចនឹងចាប់ពួកគេដាក់ពន្ធនាគារតែម្តង៕