មន្រ្តីកាំកុងត្រូលសាខា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារ បន្លែ ត្រី សាច់ស្រស់ និងកាលបរិច្ឆេទអាហារវេចខ្ចប់ស្រាប់មួយចំនួន នៅផ្សារឯករាជ្យ២
20-02-2018 12:46
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដឹកនាំដោយ លោក ទិត សុខហ៊ីម សហការជាមួយមន្រ្តីមន្ទីរពិសោធន៍របស់ អគ្គនាយដ្ឋានកាំកុងត្រូល មន្រ្តីរបស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងតំណាងគណៈកម្មាធិការផ្សារ បានចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារ បន្លែ ត្រី សាច់ស្រស់ និងកាលបរិច្ឆេទអាហារវេចខ្ចប់ស្រាប់មួយចំនួន ដែលកំពុងចរាចរ និងដាក់តាំងលក់នៅក្នុងផ្សារឯករាជ្យ២ ក្នុងខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីកាំកុងត្រូលសាខា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្រុមការងារបានបានយកគំរូសណ្ដែកគួរ ស្ពៃតឿ ម្ទេសប្លោក ផ្កាគូឆាយ សណ្ដែកបណ្ដុះ ស្លឹកគ្រៃហាន់ ខ្ញីហាន់ លត សរសៃគុយទាវ នំបញ្ចុក បង្គា ស្ពៃជ្រក់ ការ៉ុត ផ្សិតចំបើង ពោតបារាំង ត្រពាំងជ្រក់ ប្រមាណ៣១មុខ មកធ្វើតេស្តិ៍បឋមនៅរថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផលបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផ្កាគូឆាយ ហើយពួកយើងបានធ្វើកំណត់ហេតុដកហូត និងធ្វើកិច្ចសន្យាណែនាំឲ្យអាជីវករឈប់លក់ទំនិញខាងលើនេះផងដែរ៕