(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគម ឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ គន់ គីម បានវាយតម្លែខ្ពស់ ចំពោះលទ្ធផលការងារដែលសមាគមសម្រេចបាន គួរជាទីមោទនៈក្នុងឆ្នាំ២០១៧កន្លងទៅ ហើយបានសម្តែងការកោតសរសើរ ចំពោះសមាគមក្នុងសមាសភាពចម្រុះ នៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងអរគុណចំពោះប្រធានស្ថាប័នរដ្ឋ និងវិស័យឯកជននានា ដែលបានខិតខំពុះពារការលំបាករួមសាមគ្គី សហការគ្នាបំពេញការងារដោយស្ម័គ្រចិត្ត និងយ៉ាងមមាញឹក ធ្វើឲ្យសកម្មភាពសមាគមមានការវិវត្តន៍ជាបន្តបន្ទាប់ រួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជនផង និងបង្ហាញឲ្យសាធារណជន មើលឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាពិសេស ចំពោះអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម តាមរយៈនៃការចុះជួបសួរសុខទុក្ខជាបន្តបន្ទាប់កន្លងទៅ បានធ្វើឲ្យបងប្អូនអតីតយុទ្ធជន ជាសមាជិកសមាគម នៅគ្រប់កន្លែង មានការសប្បាយរីករាយ ហើយទាក់ទាញបានសមានចិត្ត និងការគាំទ្ររបស់បងប្អូន លើការដឹកនាំរបស់សមាគម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ជាទូទៅការបើកផ្តល់ប្រាក់មរណសង្រ្គោះ មានដំណើការល្អ និងទាន់ពេលវេលា ដោយមិនទុកឲ្យមានការជំពាក់ ប្រាក់សពដូចមុនឡើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧នេះ សមាគមបានបើកផ្តល់ជូនសមាជិកដែលមរណភាពបាន១,៥៣២សព ក្នុងនេះថវិកា សមាគមចំនួន១,២៣៥សព និងថវិកាសម្តេចតេជោ ហ៊ុន សែន ចំនួន២៩៧សព។ សមាគម ក៏បានសហការជាមួយបេឡាជាតិ អតីតយុទ្ធជនក្នុងការបើកផ្តល់ ប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារសពអតីតយុទ្ធជន បានចំនួនសរុប១,៦៩០នាក់ ផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យសមាជិកសមាគមអតីតយុទ្ធជន គ្រប់ថ្នាក់ខិតខំបន្តចុះជួបស្វែងយល់សុខទុក្ខ និងជីវភាពបងប្អូនអតីតយុទ្ធជន តាមគ្រួសារនីមួយៗ ហើយរិះរកគ្រប់លទ្ធភាពជួយដោះស្រាយទុក្ខកង្វល់ឲ្យបានទាន់ពេលវេលា និងអំពាវនាវដល់ថ្នាក់ដឹកនាំ ស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា សូមមេត្តាជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកាដល់អតីតយុទ្ធជនក្រីក្រ ដើម្បីលើកកំពស់ជីវភាព និងកំពុងត្រូវការចាំបាច់នូវជម្រកស្នាក់នៅ។
សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងទៅ សមាគមបានរកឃើញអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានផ្ទះ មិនសមរម្យ១,៤៩៥គ្រួសារ និងអ្នកដែលគ្មានទាំងដីទាំងផ្ទះ ចំនួន៣,៥៥៤គ្រួសារ។
មកដល់ពេលនេះ តាមសំណើរបស់នាយឧត្តមសេនីយ គន់ គីម, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ក្រីក្រចំនួន៦៣៦ខ្នង ក្នុងឆ្នាំ២០១៦ ចំនួន៣១៣ខ្នង និងឆ្នាំ២០១៧ ចំនួន១២៦ខ្នង។ នាពេលថ្មីៗនេះ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសង់លំនៅដ្ឋានចំនួន២០០ខ្នង ជូនអតីតយុទ្ធជនក្រីក្រ នៅសហគមន៍ក្នុងឃុំជីកដី ស្រុករមាសហែក ខេត្តស្វាយរៀង បន្ថែមទៀត៕