(ភ្នំពេញ)៖ ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិអ្នកជាប់ឃុំ មិនត្រូវឲ្យមានការបង់ប្រាក់នោះទេ ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់អ្នកជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីសមត្ថកិច្ចតុលាការតែប៉ុណ្ណោះ។
នេះជាការបញ្ជាក់របស់ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ និងអះអាងថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ តម្រូវឲ្យមានការបង់ឲ្យអ្នកយាមជាមុនសិន ទើបអនុញ្ញាតឲ្យចូលសួរសុខទុក្ខបាន។ តែលោកក៏បានទទួលស្គាល់ថា បញ្ហាទាំងអស់នេះ កាលពីប៉ុន្មានឆ្នាំមុន គឺពិតជាកើតមានមែន ប៉ុន្ដែបច្ចុប្បន្ននេះមិនមានទៀតនោះទេ។
លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា «យើងព្យាយាមក្រើនរំលឹកមន្ដ្រីរបស់យើងនៅគ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសួរសុខទុក្ខ ជាសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ ចឹងបើគ្មានការហាមឃាត់ទេ ត្រូវតែអនុញ្ញាតឲ្យគេចូលជួបគ្រួសារគេ ហើយបញ្ហាទាំងអស់នេះ យើងមានទាំងបិទផ្លាកនៅតាមក្លោងទ្វារទៀតថា គ្មានការយកលុយទេចំពោះការសួរសុខទុក្ខ»។
ទោះជាយ៉ាងណាលោក នុត សវនា បានបញ្ជាក់ថា ចំពោះការយកលុយនោះមិនមែនជាគោលការណ៍នោះទេ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្ទួចដល់អ្នកយាម គឺពិតជាមានមែនទេ តែនេះជាការផ្ដល់សារគុណ និងជាបង្ហាញពីទឹកចិត្តចំពោះអ្នកចូលជួបអ្នកឃុំប៉ុណ្ណោះ ហើយថវិកាទាំងនោះ គឺមន្ដ្រីយកទៅប្រើប្រាស់ដើម្បីថែមទាំង និងសំអាតពន្ធនាគារ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧ នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ ជិត៣ម៉ឺននាក់, ជនបរទេសជាង១ពាន់នាក់ ដោយក្នុងនោះរួមមាន ជនត្រូវចោទ ចំនួន៦,៧៦៣នាក់ (ស្រី ៦៥៦នាក់), ជនជាប់ចោទ ចំនួន៣,៤៤១នាក់ (ស្រី ៣៣២នាក់), ពិរុទ្ធជន ចំនួន១១,០៣៨នាក់ (ស្រី ៩៩០នាក់), ទណ្ឌិត ចំនួន៧,១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១,១៤៨នាក់ (ស្រី ២៧១នាក់), អនីតិជន ចំនួន១,៥៥៥នាក់ (ស្រី៩៨នាក់), ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)៕