(ពោធិ៍សាត់)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនក្មេងប្រុសម្នាក់ សង្ស័យគំរាមសម្លាប់ និងរំលោភក្មេងស្រីអាយុទើបតែ៨ឆ្នាំ បានសម្រេចចំ​នួន២ដង នៅពេលដែលពួកគេបានចេញពីរៀន។

ការឃាត់ខ្លួនកុមារាសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១១៖១០នាទី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ត្រង់ចំណុចអូរខាងត្បូងស្ពានគង្គាម ស្ថិតក្នុងត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីគំរាមសម្លាប់ រួចរំលោភបានសម្រេចចំនួន២លើក មានឈ្មោះ រ.ប.រ អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ ឃ ស.ឃ អាយុ៧ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា មុខរបរសិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាត្រពាំងរំដេញ (ជាមួយគ្នាដែរ)។

លោកអធិការនគរបាល បានបន្តថា កុមារាជាជនសង្ស័យបានប្រព្រឹត្តលើកុមារីរងគ្រោះ នៅគ្រាដែលចេញពីសាលារៀន។ បើតាមការរៀបរាប់ពីកុមារីរងគ្រោះប្រាប់សមត្ថកិច្ច (ជនសង្ស័យ) គំរាមដោយពាក្យសម្ដី និងបង្ខំរំលោភបានសម្រេចរហូតដល់ពីដង ត្រឹមរយៈមួយសន្ទុះប៉ុណ្ណោះ ប៉ុន្តែសភាពកុមារីរងគ្រោះពុំមានស្នាមដាច់រលាត់អ្វីនោះឡើយ (អាចសន្ថិដ្ឋានគ្រាន់តែញុលៗ) តែប៉ុណ្ណោះ។

លោកអធិការនគរបាល បន្តបញ្ជាក់ថា ករណីសង្ស័យគំរាមសម្លាប់ និងរំលោភខាងលើ ទាំងកុមារាជាជនសង្ស័យ និងកុមារីជាជនរងគ្រោះ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រួចក៏បានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តនីតិវិធីច្បាប់៕