(ភ្នំពេញ)៖ លោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្រេចឃុំខ្លួននារីបម្រើម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរពីដំណើររឿងក្តិចប្រដាប់ភេទកូនប្រុសឧកញ៉ា ឌួង ឆាយ បណ្តាលឱ្យហើមខុសប្រក្រតី។
មន្ត្រីតុលាការថ្លែងថា នារីរូបនេះឈ្មោះ អ៊ុំ សុផាន់ណា អាយុ២៣ឆ្នាំ ត្រូវបានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
នាង អ៊ុំ សុផាន់ណា ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗ របស់លោកពីរនាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះ នាងអ្នកបម្រើបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ (ពងស្វាស) លើកូនប្រុសលោកបណ្តាលឱ្យហើមខុសប្រក្រតី។
នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះឃ្លីបវីដេអូមួយតាមអាខោនហ្វេសប៊ុកឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលម្អិតជាច្រើននាទីផងដែរ ដែលមានខ្លឹមសារខឹងស្រ្តីឈ្មោះ អ៊ុំ សុផាន់ណា ជាអ្នកបម្រើយ៉ាងខ្លាំង។ ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុំ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះ សុំការសណ្តោសប្រណីទោសឱ្យនាង។ តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោក ជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែក នៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែពេលនេះលោកទុកឱ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ។ នៅមានពាក្យពេចន៍ជាច្រើនទៀត ដែលលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោក ហើយថែមទាំងបានបង្ហាញរូបកូនប្រុសម្នាក់ ដែលអះអាងថា នាង អ៊ុំ សុផាណា វ៉ៃធ្វើបាបនោះមានបន្លឺសម្លេងដែរ៕