(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ឃុំ-សង្កាត់នៅទូទាំងខេត្ត ដែលប្រារព្ធធ្វើនៅក្នុងសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត មានសមាជិកចូលរួម ជាង៧០០រូប។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សមាជិកសមាជិកាទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានសាមគ្គីគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បម្រើសេវាសាធារណៈ យ៉ាងស្មោះត្រង់ជូនប្រជាពលរដ្ឋ និងសូមឲ្យវប្បធម៌នេះបន្តស្ថិតនៅក្នុងដួងចិត្ត និងបេះដូងអ្នកបន្ទាយមានជ័យទាំងអស់។
សូមបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទូទាំងខេត្តបន្ទាយមានជ័យ មានសរុប៥១៥រូប ក្នុងនោះមកពីគណបក្សប្រជាជនចំនួនសរុប៤៧៣រូប៕