(ភ្នំពេញ)៖ បន្ទាប់ពីប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះរួចនោះ ព្រឹទ្ធសភាបានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែកនេះ ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត។ នេះបើតាមការប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅមុននេះ។

កិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយក្នុងនោះមានរបៀបវារៈចំនួន៤រួមមាន៖

១៖ សេចក្តីព្រាងធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ

២៖ សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ,

៣៖ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

និង៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាម

សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អ​នុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕